(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងចិនបានប្តេជ្ញារក្សាស្ថិរភាពទំនាក់ទំនងរបស់ពួកគេ ដែលកំពុងស្គាល់ភាពតានតឹងខ្លាំង ក្នុងអំឡុងពេលដំណើរទស្សនកិច្ចដ៏សំខាន់ទៅកាន់ទីក្រុងប៉េកាំង របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken ដែលបានជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping នៅថ្ងៃចន្ទសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣។
ទោះជាយ៉ាងណា គេនៅតាមដានមើលថា តើប្រទេសទាំងពីរអាចដោះស្រាយភាពខុសគ្នាដ៏ចម្រោងចម្រះរបស់ពួកគេ ដែលភាគច្រើនមានផលប៉ះពាល់ដល់ហិរញ្ញវត្ថុអន្តរជាតិ សន្តិសុខ និងស្ថិរភាពដែរឬយ៉ាងណានោះទេ។
ក្រៅពីឆន្ទៈក្នុងការពិភាក្សា មានសញ្ញាតិចតួចដែលថាពួកគេកំពុងរៀបចំផ្លាស់ប្តូរជំហររឹងរូសរបស់ខ្លួន លើបញ្ហាជាច្រើនចាប់ពីពាណិជ្ជកម្មរហូតដល់តៃវ៉ាន់ និងស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសចិន និងហុងកុង និងបញ្ហាសមុទ្រចិនខាងត្បូង ព្រមទាំងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនជាដើម។
នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំជាមួយ លោក Blinken លោក Xi បានសម្តែងការពេញចិត្តចំពោះលទ្ធផលនៃកិច្ចប្រជុំមុននេះរវាង លោក Blinken និងមន្ត្រីការទូតកំពូលរបស់ចិនទាំងពីរ ហើយបាននិយាយថា ប្រទេសទាំងពីរបានយល់ព្រមបន្តកម្មវិធីនៃការយោគយល់ ដែលលោក និងលោកប្រធានាធិបតីអាមេរិក Joe Biden បានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំនៅកោះបាលីកាលពីចុងឆ្នាំមុន។
កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ រដ្ឋមន្ត្រីការបរទេសអាមេរិក និងរដ្ឋមន្ត្រីការបរទេសចិន បានបើកកិច្ចពិភាក្សាប្រកបដោយភាពស្មោះត្រង់ និងលក្ខណៈ ស្ថាបនា លើការខ្វែងគំនិតរវាងប្រទេសទាំង២ រាប់ចាប់ពីបញ្ហាតៃវ៉ាន់ រហូតដល់ពាណិជ្ជកម្ម។ ហើយនៅថ្ងៃចន្ទនេះ មុននឹងជួបជាមួយ លោក Xi Jinping អ្នកកាទូតកំពូលអាមេរិករូបនេះក៏ជួបពិភាក្សាជាមួយ មន្រ្តីការទូតកំពូលរបស់ចិន លោក វ៉ាង យី (Wang Yi) ផងដែរ។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកវិភាគ ដំណើរទស្សនកិច្ចរបស់លោក ប៊្លីនខិន ប្រហែលនឹងអាចជួយត្រួសត្រាយផ្លូវ សម្រាប់កិច្ចប្រជុំទ្វេភាគី រវាងមន្រ្តីជាន់ខ្ពស់ដទៃទៀត របស់ប្រទេសទាំងពីរ ដូចជាលទ្ធភាពនៃការបំពេញទស្សនកិច្ចដោយ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោកស្រី ចាណិត យេលែន (Janet Yellen) និងរដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក លោកស្រី ជីណា រ៉ៃម៉ុនដូ (Gina Raimondo) ជាដើម៕