(ប៉េកាំង)៖ នៅថ្ងៃចន្ទនេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប៊្លីនខិន (Antony Blinken) បានជួបជាមួយប្រធានាធិបតីចិន លោក ស៉ី ជិនពីង មុនពេលត្រូវបិទបញ្ចប់ដំណើរបំពេញទស្សនកិច្ចដ៏កម្រនិងសំខាន់មួយមកកាន់ទីក្រុងប៉េកាំង ដែលមានគោលដៅធានាថា បញ្ហាវិវាទជាច្រើនរវាងប្រទេសកំពូលមហាអំណាចទាំងពីរ នឹងមិនរាលដាលទៅជាជម្លោះធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣។

កំលុងជំនួបខាងលើ លោក ស៉ី បានប្រាប់លោក​ ប៊្លីនខិន យ៉ាងដូច្នេះថា «ភាគីចិនបានបង្ហាញជំហរយ៉ាងច្បាស់លាស់ ហើយភាគីទាំងពីរបានយល់ព្រម​អនុវត្តតាមការព្រមព្រៀងរួម ដែលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន និងរូបខ្ញុំ សម្រេចបាននៅកោះបាលីនៃប្រទេសឥណ្ឌូណេស៉ី។ ភាគីទាំងពីរក៏បានបង្កើតភាពរីកចម្រើន ហើយឈានដល់ការឯកភាពគ្នា ជុំវិញបញ្ហាជាក់លាក់មួយចំនួនផងដែរ។ ខ្ញុំសង្ឃឹមថាតាមរយៈ​ការបំពេញទស្សនកិច្ចនេះ លោករដ្ឋមន្រ្តីនឹងអាចចូលរួមចំណែកវិជ្ជមានបន្ថែមទៀត ដើម្បីផ្តល់ស្ថិរភាពឡើងវិញ ដល់ទំនាក់ទំនង​រវាងចិននិងសហរដ្ឋអាមេរិក»។

មុនជំនួបជាមួយលោក ស៉ី ជិនពីង លោក ប៊្លីនខិន បានចំណាយពេលជាង៣ម៉ោង ជួបពិភាក្សាគ្នាជាមួយមន្រ្តីការទូតកំពូលរបស់ចិន គឺលោក វ៉ាង យី (Wang Yi) នៅថ្ងៃចន្ទនេះ និងជាង៧ម៉ោង ជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក ឈិន កាង (Qin Gang) កាលពីថ្ងៃអាទិត្យកន្លងទៅ។ លោកប្រមុខការទូតអាមេរិក នឹងត្រូវចាកចេញពីប្រទេសចិនវិញ ក្នុងថ្ងៃចន្ទនេះ បន្ទាប់ពីលោកធ្វើដំណើរមកដល់​ទីក្រុងប៉េកាំង កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកវិភាគ ដំណើរទស្សនកិច្ចរបស់លោក ប៊្លីនខិន ប្រហែលនឹងអាចជួយត្រួសត្រាយផ្លូវ សម្រាប់កិច្ចប្រជុំទ្វេភាគី ​រវាងមន្រ្តីជាន់ខ្ពស់ដទៃទៀត របស់ប្រទេសទាំងពីរ ដូចជាលទ្ធភាពនៃការបំពេញទស្សនកិច្ចដោយ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោកស្រី ចាណិត យេលែន (Janet Yellen) និងរដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក លោកស្រី ជីណា រ៉ៃម៉ុនដូ (Gina Raimondo) ជាដើម៕