(តែលអាវីវ)៖ នាថ្ងៃចន្ទនេះ កងកម្លាំងពិសេសរបស់អ៉ីស្រាអែល ដែលគាំទ្រដោយឧទ្ធម្ភាគចក្រយោធា១គ្រឿង បានផ្តាច់ជីវិតជនជាតិប៉ាឡេស្ទីន ៣នាក់ ក្នុងនោះមានទាំងក្មេងវ័យជំទង់ម្នាក់ផងដែរ និងបណ្តាលឱ្យមនុស្សយ៉ាងហោចចំនួន ២៩នាក់ផ្សេងទៀត ទទួលរងរបួសក្នុងការវាយប្រហារក្តៅគគុកមួយ នៅឯតំបន់ West Bank។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣។

យោធាអ៉ីស្រាអែលបានប្រាប់ថា ខ្លួនបានបើកការប្រតិបត្តិការវាយឆ្មក់នៅទីក្រុង ចេនីន (Jenin) នៃតំបន់ West Bank ដើម្បីឃាត់ខ្លួនជនជាតិប៉ាឡេស្ទីន ដែលជាប់សង្ស័យអំពីការប្រព្រឹត្តសកម្មភាពវាយប្រហារផ្សេងៗ ហើយកងកម្លាំងអ៉ីស្រាអែល បានបាញ់ប្រហារតទល់គ្នា​ជាមួយក្រុមខ្មាន់កាំភ្លើង។ ខាងយោធាអ៉ីស្រាអែល ក៏បានទទួលស្គាល់ផងដែរថា ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង បានបាញ់មីស៉ីលកំលុងការប៉ះទង្គិចគ្នានោះ។

គួរបញ្ជាក់ថា ដោយឡែក យោងតាមការអះអាង របស់ក្រសួងសុខាភិបាលប៉ាឡេស្ទីនវិញ គឺមនុស្សប្រុស៣នាក់ ត្រូវបានសម្លាប់កំលុង​ប្រតិបត្តិការវាយឆ្មក់ របស់កងកម្លាំងអ៉ីស្រាអែល ក្នុងនោះរួមមានទាំងក្មេងអាយុ១៥ឆ្នាំម្នាក់ ថែមទៀតផង។ យ៉ាងណាក្តី ភ្លាមៗបែបនេះវាមិនទាន់ច្បាស់​ទេថាតើ អ្នកទាំងនោះមានជាប់ពាក់ព័ន្ធជាមួយ ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនណាមួយដែរឬក៏អត់ឡើយ៕