(ដូហា)៖ ក្រសួងការបរទេសរបស់ប្រទេសកាតា បានឲ្យដឹងថា ស្ថានទូតរបស់កាតា និងអេមីរ៉ាត់អារ៉ាប់រួម បានបើកដំណើរការដើម្បីចាប់ផ្តើមការងារហើយនៅថ្ងៃចន្ទនេះ បន្ទាប់ពីប្រទេសក្នុងតំបន់ឈូងសមុទ្រពែរ្សទាំងពីរ យល់ព្រមស្តារទំនាក់ទំនងឡើងវិញ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣។

ការស្ដារឡើងវិញទំនាក់ទំនងគ្នាកើតឡើងវិញនៃប្រទេសទាំងពីរ កើតឡើងចំពេលដែលមានការជំរុញក្នុងតំបន់ កាន់តែទូលំទូលាយសម្រាប់ការផ្សះផ្សា និងជាងពីរឆ្នាំបន្ទាប់ពីក្រុមរដ្ឋអារ៉ាប់ បញ្ចប់ការធ្វើពហិការលើទីក្រុងដូហា ដែលកន្លងមកបានបំផ្លាញទំនាក់ទំនងរវាងប្លុកអារ៉ាប់នៅជាប់ឈូងសមុទ្រពែរ្យ ដែលជាសម្ព័ន្ធមិត្តលោកខាងលិច។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកាតា បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសកាតា លោក ម៉ាហំាម៉ាត់ ប៊ីន អាប់ឌុលរ៉ាម៉ាន់ អាល់ថានី (Mohammed bin Abdulrahman Al-Thani) និង លោក អាប់ឌុលឡាហ៍ ប៊ីន ហ្សាអ៉ីត (Abdullah bin Zayed) បានជួបសន្ទនាគ្នាតាមទូរស័ព្ទ នៅថ្ងៃបើកដំណើរការស្ថានទូតឡើងវិញនេះ។

គួរបញ្ជាក់ថា ទីក្រុងអាប៊ូដាប៊ី និងទីក្រុងដូហា បានជាប់គាំងក្នុងការប្រកួតប្រជែងគ្នាដ៏ជូរចត់អស់រយៈពេលជាច្រើនឆ្នាំមកនេះ ជុំវិញឥទ្ធិពលក្នុងតំបន់ តួនាទីរបស់សាសនាឥស្លាមក្នុងវិស័យនយោបាយ និងជុំវិញការគាំទ្រចំពោះចលនាលទ្ធិប្រជាធិបតេយ្យ នៅទូទាំងតំបន់មជ្ឈិមបូព៌ា៕