(មូស្គូ)៖ ប្រធាននាយកដ្ឋានទី២ ទទួលបន្ទុកកិច្ចការតំបន់អឺរ៉ាស៉ីនៃក្រសួងការបរទេសរុស្ស៉ី លោក អាឡិចស៉ី ប៉ូលីសឈុក (Alexey Polishchuk) បានិយាយក្នុងបទសម្ភាសន៍ថា កិច្ចព្រមព្រៀងស្តីពីការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិករបស់រុស្ស៉ី នៅលើទឹកដីបេឡារុស មិនបានបញ្ជាក់អំពីពេលវេលានោះទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣។

លោក ប៉ូលីសឈុក បានគូសបញ្ជាក់ថា «កិច្ចព្រមព្រៀងរុស្ស៊ី-បេឡារុស មិនបញ្ជាក់ពីការរឹតបន្តឹងណាមួយលើការដាក់ពង្រាយនេះទេ។ នៅក្នុងស្ថានភាពភូមិសាស្ត្រនយោបាយបច្ចុប្បន្ន លក្ខខណ្ឌចម្បងសម្រាប់ការដកចេញនូវអាវុធនុយក្លេអ៊ែរតាក់ទិក គួរតែជាអាមេរិក និងណាតូទៅវិញទេ ដែលបាននឹងកំពុងធ្វើឲ្យខូចដល់សន្តិសុខ និងអធិបតេយ្យភាពរបស់រុស្ស៉ី និងបេឡារុស»

លោក ប៉ូលីសឈុក បានបន្ថែមថា «ជាការពិតណាស់ មុនពេលយើងធ្វើបែបនេះគួរតែ មានការដកអាវុធនុយក្លេអ៊ែរ របស់អាមេរិកទាំងស្រុងទៅកាន់ទឹកដីអាមេរិកវិញ ជាមួយនិងការលុបបំបាត់ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធអាវុធទាំងនេះ នៅអឺរ៉ុប។ ការគាំទ្របើកចំហរបស់លោកខាងលិចចំពោះទីក្រុងកៀវ និងការមិនចង់គិតគូរដល់ការទាមទារស្របច្បាប់របស់យើងក្នុងវិស័យសន្តិសុខ បានជំរុញឲ្យទីក្រុងមូស្គូ និងទីក្រុងមីនស្ក៍សម្រេចចិត្តធ្វើបែបនេះ»

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមីនា ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសថា រុស្ស៉ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិក ក្នុងប្រទេសបេឡារុស តាមសំណើផ្ទាល់របស់ទីក្រុងមីនស្ក៍ ដែលជាវិធីវិសាស្រ្តដែលអាមេរិកបានធ្វើជាយូរមកហើយ នៅលើទឹកដីនៃសម្ព័ន្ធមិត្តរបស់ខ្លួន៕