(ប៉េកាំង)៖ នៅថ្ងៃចន្ទនេះ មន្រ្តីការទូតកំពូលរបស់ចិន លោក វ៉ាង យី (Wang Yi) បានប្រាប់ទៅកាន់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន (Antony Blinken) ថា ចិននិងសហរដ្ឋអាមេរិក ចាំបាច់ត្រូវសម្រេចជ្រើសរើសយកមួយ រវាងកិច្ចសហប្រតិបត្តិការងជម្លោះ ខណៈលោកប្រមុខការទូតអាមេរិក ត្រូវចាកចេញពីប្រទេសចិនវិញ ក្នុងថ្ងៃដដែលនេះ ក្រោយការបំពេញទស្សនកិច្ច ដែលមានគោលដៅស្វែងរកភាពប្រសើរឡើង សម្រាប់ទំនាក់ទំនងទ្វេភាគីដែលបានធ្លាក់ដុនដាបយ៉ាងខ្លាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣។
ក្រសួងការបរទេសអាមេរិកបានឱ្យដឹងថា លោក ប៊្លីនខិន និងលោក វ៉ាង បានជួបពិភាក្សាគ្នារយៈពេល៣ម៉ោង នៅថ្ងៃចន្ទនេះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV លោក វ៉ាង បានប្រាប់លោក ប៊្លីនខិន ដូច្នេះថា «ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្តីការបរទេសអាមេរិក មកកាន់ទីក្រុងប៉េកាំងលើកនេះ គឺចំពេលវេលាដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងចិន-អាមេរិក។ ហេតុនេះហើយ វាជារឿងចាំបាច់ក្នុងការសម្រេចចិត្តជ្រើសរើស រវាងកិច្ចសន្ទនាគ្នានិងការប្រឈមុខដាក់គ្នា, រវាងកិច្ចសហប្រតិបត្តិការ និងជម្លោះ»។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ លោកប្រមុខការទូតអាមេរិក ក៏បានជួបពិភាក្សាជាច្រើនម៉ោង ជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក ឈិន កាង (Qin Gang) ផងដែរ។ លើសពីនេះ បើតាមប្រភពពីមន្រ្តីទីក្រុងវ៉ាស៉ីនតោន លោក ប៊្លីនខិន ក៏នឹងត្រូវជួបពិភាក្សាគ្នា ជាមួយប្រធានាធិបតីចិនលោក ស៉ី ជិនពីង ផងដែរ មុនពេលចាកចេញពីប្រទេសចិនវិញ។
ភាពតានតឹងរវាងប្រទេសកំពូលមហាអំណាចសេដ្ឋកិច្ចទាំង២ របស់ពិភពលោក បានកើនឡើងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ជុំវិញបញ្ហាជាច្រើន រាប់ចាប់តាំងពីពាណិជ្ជកម្ម បច្ចេកវិទ្យា រហូតដល់កោះតៃវ៉ាន់ ដែលត្រូវចិនចាត់ទុកជាបញ្ហាដ៏រសើបបំផុត។ ក្រុមមន្រ្តីអាមេរិកបានលើកឡើងរួចស្រេចហើយថា ពួកគេមិនរំពឹងថា ដំណើរទស្សនកិច្ចរបស់លោក ប៊្លីនខិន នឹងអាចសម្រេចបានជោគជ័យធំដុំណាមួយឡើយ ប៉ុន្តែពួកគេសង្ឃឹមថា វានឹងអាចជួយបើកឡើងវិញ នូវខ្សែបណ្តាញទំនាក់ទំនង ដើម្បីទប់ស្កាត់ហានិភ័យ នៃការផ្ទុះឡើងនូវជម្លោះ៕