(ហ្សាការតា)៖ ព្រះចៅអធិរាជជប៉ុន ណារូហិតុ (Naruhito) នាថ្ងៃចន្ទនេះ បានជួបជាមួយប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ (Joko Widodo) ក្នុងដំណើរយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងរបស់ទ្រង់ គិតចាប់តាំងតែពីការឡើងគ្រងរាជសម្បត្តិ កាលពីឆ្នាំ២០១៩។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣។
ដំណើរទស្សនកិច្ចរបស់ព្រះចៅអធិរាជ ណារូហ៉ិតុ និងព្រះអគ្គមហេសី ម៉ាសាកុ (Masako) មកកាន់ឥណ្ឌូណេស៉ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅតំបន់អាស៉ីអាគ្នេយ៍ ធ្វើឡើងបន្ទាប់ពីលោក វីដូដូ បានអញ្ជើញទ្រង់ កាលពីកំលុងទស្សនកិច្ចមួយទៅកាន់ទីក្រុងតូក្យូ នៅក្នុងឆ្នាំ២០២២។ ព្រះចៅអធិរាជជប៉ុននិងព្រះមហេសី បានយាងធ្វើដំណើរមកដល់ឥណ្ឌូណេស៉ី កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ខណៈនាថ្ងៃចន្ទនេះ លោក វីដូដូ និងភរិយា បានទទួលស្វាគមន៍ទ្រង់ទាំងពីរអង្គ នៅវិមានប្រធានាធិបតីឥណ្ឌូណេស៉ី ក្នុងរដ្ឋធានីហ្សាការតា។
លោក វីដូដូ បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ការបំពេញព្រះរាជទស្សនកិច្ចរបស់ព្រះចៅអធិរាជជប៉ុន និងព្រះអគ្គមហេសី មកកាន់ប្រទេសឥណ្ឌូណេស៉ី បានរឹតបន្តឹងបន្ថែមទៀតនូវចំណងមិត្តភាពរវាងប្រជាជនយើង។ មូលដ្ឋានគ្រឹះដ៏រឹងមាំបែបនេះ គឺជារឿងចាំបាច់ សម្រាប់ការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្រ្តរវាងប្រទេសយើងទាំងពីរ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច»។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងតូក្យូនិងទីក្រុងហ្សាការតា បានខិតរកគ្នាដើម្បីពង្រឹងចំណងទាក់ទង ដោយក្រុមមន្រ្តីជប៉ុនបានមើលឃើញពីសារសំខាន់នៃសេដ្ឋកិច្ចលូតលាស់រីកចម្រើនរបស់ឥណ្ឌូណេស៉ី ហើយនិងចំណុចទីតាំងយុទ្ធសាស្រ្តរបស់ប្រទេសអាស៊ានមួយនេះ នៅកៀកនឹងច្រកដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់អន្តរជាតិ។
គួរបញ្ជាក់ថា ព្រះចៅអធិរាជ ណារូហ៉ិតុ និងព្រះមហេសី នឹងស្ថិតនៅក្នុងប្រទេសឥណ្ឌូណេស៉ី រហូតដល់ថ្ងៃទី២៣ ខែមិថុនា ទើបយាងចាកចេញទៅវិញ។ ដោយឡែក ពេលកន្លងមកដែលព្រះចៅអធិរាជជប៉ុនជំនាន់មុន បានមកបំពេញទស្សនកិច្ចនៅឥណ្ឌូណេស៉ី គឺកាលពីឆ្នាំ១៩៦២ និងឆ្នាំ១៩៩១។ ជប៉ុនក៏ធ្លាប់ត្រួតត្រាលើឥណ្ឌូណេស៉ី រយៈពេលជាង៣ឆ្នាំ ចាប់ពីឆ្នាំ១៩៤២ ផងដែរ៕