(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា ទោះបីជាមានសង្រ្គាមឈ្លានពានរបស់រុស្ស៉ីក្តី សហរដ្ឋអាមេរិកនឹងមិនផ្តល់ការរៀបចំពិសេសលើសគេ សម្រាប់អ៊ុយក្រែនឡើយ ពាក់ព័ន្ធនឹងការក្លាយជាសមាជិករបស់អង្គការណាតូ (NATO)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅមូលដ្ឋានយោធាមួយកន្លែងក្បែររដ្ឋធានីវ៉ាស៉ីនតោន លោកប្រធានាធីបតីអាមេរិក បាននិយាយយ៉ាងដូច្នេះថា «ពួកគេ (អ៊ុយក្រែន) ត្រូវតែបំពេញតាមលក្ខខណ្ឌនិងស្តង់ដាដូចគេដូចឯង ព្រោះពួកយើងនឹងមិនធ្វើឱ្យមានភាពងាយស្រួលពិសេសអ្វីនោះទេ»។ ការអត្ថាធិប្បាយរបស់លោក បៃដិន ធ្វើឡើង មុនពេលក្រុមមេដឹកនាំប្រទេស NATO ត្រូវជួបប្រជុំគ្នាក្នុងប្រទេសលីទុយអានី នាខែកក្កដាខាងមុខ។ អគ្គលេខាធិការ NATO លោក ជែន ស្តូលថិនបឺគ ធ្លាប់បាននិយាយថា ស្របពេលដែលបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ នឹងរឹងបន្តឹងទំនាក់ទំនងនយោបាយជាមួយ​អ៊ុយក្រែន កំលុងកិច្ចប្រជុំនាខែក្រោយក៏ដោយ វានឹងមិនមានការពិភាក្សាអំពីសមាជិកភាព NATO សម្រាប់ទីក្រុងកៀវទេ។

កន្លងមកនេះ ក្រុមប្រទេសជាសមាជិក NATO នៅភាគខាងកើតអឺរ៉ុប បាននាំគ្នាជំរុញឱ្យមានការផ្តល់ផែនការប្រសើរជាងមុន សម្រាប់ឱ្យអ៊ុយក្រែនអាចក្លាយ​ជាសមាជិក ប៉ុន្តែសម្ព័ន្ធមិត្តសំខាន់ៗ ដូចជាសហរដ្ឋអាមេរិកនិងអាល្លឺម៉ង់ បានស្ទាក់ស្ទើរក្នុងការបោះជំហានឱ្យហួសពីពាក្យសន្យាត្រឹមថា អ៊ុយក្រែននឹងអាចចូលរួមក្នុង NATO នាថ្ងៃណាមួយនាពេលអនាគត។

គួរបញ្ជាក់ថា ក្រុមប្រទេស NATO បានផ្គត់ផ្គង់សព្វាវុធគិតជាទំហំទឹកប្រាក់ ស្មើនឹងរាប់សិបពាន់លានដុល្លាររួចស្រេចហើយ ឱ្យទៅអ៊ុយក្រែន គិតចាប់តាំងពីរុស្ស៉ីបានបើកការឈ្លានពានលើប្រទេសជិតខាងខ្លួន កាលពីខែកុម្ភៈ ឆ្នាំ២០២២។ ទោះជាបែបនេះក្តី មេដឹកនាំមួយចំនួននៅ NATO មានក្តីបារម្ភថា ការទទួលយកអ៊ុយក្រែនជាសមាជិក មុខជានឹងបង្កើនលទ្ធភាពដែល NATO ត្រូវប្រឈមមុខជាមួយរុស្ស៉ីដោយផ្ទាល់ ក្នុងសង្រ្គាម​មិនខានឡើយ។

ដោយឡែក កាលពីខែមេសាកន្លងទៅ NATO ទើបតែទទួលបានសមាជិកទី៣១ នោះគឺហ្វាំងឡង់ ខណៈពាក្យសុំចូលជាសមាជិករបស់ស៊ុយអែត កំពុងតែបន្ត​ជាប់គាំងដោយសារតួកគី ដ្បិតទីក្រុងអង់ការ៉ាចោទស៊ុយអែត ថាផ្តល់កន្លែងជ្រកកោនដល់ក្រុមសកម្មប្រយុទ្ធឃើដ ដែលខ្លួនចាត់ទុកជា ពួកភេរវករ៕