(ខាទុំ)៖ ខាងកងទ័ពស៊ូដង់ និងខាងកងកម្លាំងទាហានប៉ារ៉ា (RSF) បានព្រមព្រៀងគ្នាលើបទឈប់បាញ់ថ្មីមួយទៀត ដែលមានរយៈពេល៧២ម៉ោង ក្រោមការជួយសម្រុះសម្រួល ពីសំណាក់សហរដ្ឋអាមេរិកនិងអារ៉ាប៊ីសាអូឌីត បន្ទាប់ពីការប្រយុទ្ធគ្នាបានកើនឡើងកម្តៅជាថ្មី ជាមួយការវាយប្រហារ​តាមផ្លូវអាកាសនៅរដ្ឋធានីខាទុំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣។

ទីក្រុងរីយ៉ាដនិងទីក្រុងវ៉ាស៉ីនតោន បានប្រកាសក្នុងសេចក្តីថ្លែងការណ៍រួមថា បទឈប់បាញ់ទូទាំងប្រទេសខាងលើ ដែលបានចូលជាធរមានរួចរាល់ ចាប់ពីម៉ោង៦ព្រឹកថ្ងៃអាទិត្យនេះ នឹងបន្តរហូតដល់ថ្ងៃទី២១ ខែមិថុនា ពោលគឺរយៈពេល៧២ម៉ោង។ សហរដ្ឋអាមេរិកនិងអារ៉ាប៊ីសាអូឌីត បានរួមគ្នាជួយសម្រុះសម្រួលរវាងភាគីជម្លោះស៊ូដង់ អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ប៉ុន្តែបទឈប់បាញ់បន្តបន្ទាប់ ដែលសម្រេចបានកន្លងមកនេះគឺ មិនបានបញ្ឈប់ការប្រយុទ្ធគ្នាពេញលេញទាំងស្រុង នោះទេ។

ការព្រមព្រៀងគ្នាចំពោះបទឈប់បាញ់ថ្មីខាងលើកើតឡើង នៅមុនសន្និសីទអន្តរជាតិមួយ ដែលត្រូវធ្វើឡើងនាថ្ងៃចន្ទសប្តាហ៍ក្រោយ ដើម្បីរៃអង្គាសរក​ថវិកាសម្រាប់តម្រូវការផ្នែកមនុស្សធម៌ ដែលកំពុងបន្តកើនឡើងនៅក្នុងប្រទេស នៃតំបន់អាហ្រ្វិកខាងជើងមួយនេះ។ បើតាមអង្គការសហប្រជាជាតិ (UN) មនុស្សសរុបរហូតដល់២៥លាននាក់ ឬស្មើនឹងជាងពាក់កណ្តាលនៃប្រជាជនស៊ូដង់សរុប គឺកំពុងត្រូវការជំនួយនិងការការពារជាចាំបាច់ ប៉ុន្តែ UN បាននិយាយថា ខ្លួនទទួលបានតែមួយចំណែកតូចប៉ុណ្ណោះ នៃមូលនិធិដែលខ្លួនត្រូវការដើម្បីយកទៅជួយពួកគេ។

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នានៅប្រទេសស៊ូដង់បានផ្ទុះឡើង កាលពីពាក់កណ្តាលខែមេសា នៅពេលដែលភាពតានតឹងរយៈពេលជាច្រើនខែ ទីបំផុតបានកើនឡើងដល់ចំណុចកំពូល រវាងលោក អាប់ឌែល ហ្វាតតា អាល់បួហាន (Abdel Fattah al-Burhan) ដែលជាមេដឹកនាំកងទ័ពស៊ូដង់ ហើយនិងលោក ម៉ូហាមេដ ហាមដាន ដាកឡូ (Mohamed Hamdan Daglo) ដែលជាមេដឹកនាំកងកម្លាំង RSF ក្រោយពេលអ្នកទាំងពីរ ឈ្លោះទាស់ទែងគ្នារឿងដណ្តើមអំណាច៕