(ម៉ានីល)៖ នាថ្ងៃអាទិត្យនេះ ស្រឡាងមួយគ្រឿងផ្ទុកមនុស្សសរុបចំនួន១២០នាក់ ត្រូវបានអគ្គិភ័យឆាបឆេះនៅលើផ្ទៃសមុទ្រ ក្នុងប្រទេសហ្វីលីពីន ខណៈកងកម្លាំងឆ្មាំសមុទ្រហ្វីលីពីន បានចល័តនាវាមួយគ្រឿង ឱ្យទៅជួយសង្រ្គោះដែលធ្វើដំណើរលើនោះ និងដើម្បីព្យាយាមជួយពន្លត់ភ្លើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣។

ឆ្មាំសមុទ្រហ្វីលីពីនបានឱ្យដឹងថា ស្រឡាង Esperanza Star ត្រូវបានភ្លើងឆាបឆេះកាលពីព្រឹកព្រលឹមថ្ងៃអាទិត្យនេះ ពេលកំពុងធ្វើដំណើរពី​ខេត្ត ស៉ីគីហ័រ (Siquijor) ឆ្ពោះទៅកាន់ខេត្ត បូហូល (Bohol) នៅភាគកណ្តាលប្រទេស។ យ៉ាងណាមិញ មិនទាន់មានការបញ្ជាក់នៅឡើយនោះទេថា តើមនុស្សប៉ុន្មាននាក់ហើយ ត្រូវបានជួយសង្រ្គោះចេញពីស្រឡាង ឬក៏ថាតើមានមនុស្សបាត់បង់ជីវិតដែរឬអត់។ ស្រឡាងនោះផ្ទុះអ្នកដំណើរសរុប៦៥នាក់ និងបុគ្គលិកស្រឡាងសរុប៥៥នាក់។

គួរបញ្ជាក់ថា ឧបទ្ទវហេតុលើផ្ទៃសមុទ្រ តែងកើតមានជាញឹកញាប់នៅហ្វីលីពីន ដែលជាប្រទេសទីប្រជុំកោះ ដោយសារកត្តាផ្សេងៗ ដូចជាព្យុះ, ស្ថានភាពស្រឡាង កប៉ាល់ ឬនាវាផ្ទាល់, ការផ្ទុកមនុស្សច្រើនលើសកំណត់ និងភាពធូររលង់នៃការអនុវត្តបទបញ្ញត្តិសុវត្ថិភាព ជាពិសេសនៅតាមខេត្តឆ្ងាយៗ។ កាលពី​ខែមីនា ឆ្នាំនេះ អគ្គិភ័យបានឆាបឆេះនាវេលាយប់រំលងអធ្រាត្រ លើស្រឡាងមួយគ្រឿង មានផ្ទុកមនុស្សសរុប២៥០នាក់។ ក្នុងហេតុការណ៍នោះ ដែលបានកើតឡើង នៅក្បែរខេត្តបាស៉ីឡាន់ (Basilan) ភាគខាងត្បូងហ្វីលីពីន មនុស្សយ៉ាងហោច៣១នាក់ បានស្លាប់៕