(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក នៅថ្ងៃអាទិត្យនេះ បានទៅដល់ទីក្រុងប៉េកាំងហើយ ដែលវាគឺជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់ របស់ប្រមុខការទូតសហរដ្ឋអាមេរិកនៅប្រទេសចិន គិតក្នុងរយៈពេល៥ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣។

កំលុងពេលស្ថិតនៅទីក្រុងប៉េកាំងរហូតដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប៊្លីនខិន (Antony Blinken) ត្រូវគេរំពឹងថា នឹងជួបគ្នាជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក ឈិន ហ្កាង (Qin Gang) និងមន្រ្តីការទូតកំពូលចិនលោក វ៉ាង យី (Wang Yi) ហើយលោក​ក៏អាចជួបប្រធានាធិបតីចិន លោក ស៉ី ជិនពីង តែម្តងផងដែរ ក្រោមគោលដៅព្យាយាមជំរុញឱ្យមានការបង្កើតខ្សែបណ្តាញទំនាក់ទំនង ដែលបើកចំហនិងរឹងមាំ ដើម្បីធានាថា ការប្រកួតប្រជែងជាយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ នឹងមិនរាលដាលក្លាយទៅជាជម្លោះ។

ជាមួយគ្នានេះ មានក្តីរំពឹងថែមទៀតថា ដំណើរទស្សនកិច្ចរបស់លោក ប៊្លីនខិន នឹងជួយត្រួសត្រាយផ្លូវសម្រាប់ជំនួបទ្វេភាគី ដែលអាចកើតឡើងបន្តបន្ទាប់ទៀត រួមមាន​ដំណើរទស្សនកិច្ចដោយរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោកស្រី ចាណេត យេលែន (Janet Yellen) និងរដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក លោកស្រី ជីណា រ៉ាយម៉ុនដូ (Gina Raimondo) ជាដើម។ មិនតែប៉ុណ្ណោះ វាក៏អាចជួយឱ្យមានជំនួបរវាងលោក ស៉ី ហើយនិងប្រធានាធីបតីអាមេរិក លោក ចូ បៃដិន នៅកំលុងកិច្ចប្រជុំកំពូលអន្តរជាតិផ្សេងៗ ក្នុងឆ្នាំនេះផងដែរ។ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ លោក បៃដិន បាននិយាយថា រូបលោកសង្ឃឹម​អាចជួបលោក ស៉ី ក្នុងពេលប៉ុន្មានខែខាងមុខ។

គួរបញ្ជាក់ថា កំលុងជំនួបទល់មុខគ្នាកាលពីខែវិច្ឆិកា ឆ្នាំមុន នៅប្រទេសឥណ្ឌូណេស៉ី លោក បៃដិន និងលោក ស៉ី បានព្រមព្រៀងគ្នាចាត់វិធានការ ដើម្បីបន្ធូរបន្ថយ​​ក្តីព្រួយបារម្ភអំពីការផ្ទុះឡើងនៃសង្រ្គាមត្រជាក់ថ្មី ក្នុងនោះរួមមានទាំងការបញ្ជូនលោក ប៊្លីនខិន ឱ្យមកបំពេញទស្សនកិច្ចនៅចិន។ តាមពិតទៅលោក ប៊្លីនខិន ត្រូវមកធ្វើទស្សនកិច្ចនៅប្រទេសចិន តាំងតែពីខែកុម្ភៈ ឆ្នាំនេះម្ល៉េះ ប៉ុន្តែវាត្រូវបានពន្យារពេល ក្រោយឧប្បត្តិហេតុបាឡុង​របស់ចិន ដែលទីក្រុងវ៉ាស៉ីនតោនចោទជាបាឡុងចារកម្ម បង្ហាញវត្តមានក្នុងដែនអាកាសរបស់សហរដ្ឋអាមេរិក ហើយភាពតានតឹងក៏បានកើនឡើង​ខ្លាំងសាជាថ្មីវិញ។ លោក ប៊្លីនខិន គឺជាមន្រ្តីជាន់ខ្ពស់​បំផុតរបស់រដ្ឋាភិបាលអាមេរិក ដែលបានមកបំពេញទស្សនកិច្ចនៅចិន គិតចាប់តាំងពីលោក បៃដិន ឡើងកាន់អំណាចកាលពីខែមករា ឆ្នាំ២០២១៕