(តេហេរ៉ង់)៖ ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា ព្រះអង្គម្ចាស់ ហ្វៃសាល ប៊ីន ហ្វាហាន់ (Faisal bin Farhan) ដែលជារដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត បានទៅដល់អ៉ីរ៉ង់ហើយនៅថ្ងៃសៅរ៍នេះ ចំពេលមានការផ្សះផ្សាទំនាក់ទំនងឡើងវិញនៃប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាទាំងពីរដែលធ្លាប់ជាត្រូវនឹងគ្នា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣។

ថ្មីៗនេះ អ៉ីរ៉ង់កំពុងព្យាយាមកែលម្អទំនាក់ទំនងដ៏តានតឹងរបស់ខ្លួន ជាមួយប្រទេសនៅក្នុងតំបន់ឈូងសមុទ្រអារ៉ាប់មួយចំនួន ហើយកាលពីថ្ងៃទី ៧ ខែ​មិថុនា ទីក្រុងតេហេរ៉ង់យល់ព្រម​បើក​ស្ថានទូត​របស់​ខ្លួន​នៅអារ៉ាប៊ីសាអូឌីត​ជា​ផ្លូវការ​ឡើងវិញ។

ព្រះអង្គម្ចាស់ ប៊ីនហ្វាហាន់ នឹងជួបប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉ៃស៉ី (Ebrahim Raisi) និងរដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក ហូសសេន អាមៀរ៉ាប់ដូឡាហ៉ីយ៉ាន (Hossein Amirabdollahian)។

គួរបញ្ជាក់ថា ក្រោមការសម្របសម្រួលដោយប្រទេសចិន អ៉ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត កាលពីខែមីនាបានព្រមព្រៀងគ្នាដើម្បីបញ្ចប់ភាពប្រេះឆាផ្នែកការទូត និងបង្កើតទំនាក់ទំនងឡើងវិញ បន្ទាប់ពីមានអរិភាពជាច្រើនឆ្នាំដែលបានធ្វើឲ្យខូចដល់ស្ថិរភាពក្នុងតំបន់ រួមទាំងនៅប្រទេសយ៉េមែន ស៉ីរី និងលីបង់៕