(មូស្គូ)៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ (Sergei Shoigu) នៅថ្ងៃសៅរ៍នេះបានស្នើឱ្យផលិតរថក្រោះបន្ថែម ដើម្បីបំពេញតម្រូវការរបស់ទាហានរុស្ស៉ី នៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីទីក្រុងកៀវ បើកប្រតិបត្តិការវាយបកដោយប្រើអាវុធលោកខាងលិច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣។
លោក សយហ្គូ ធ្វើការកត់សម្គាល់បែបនេះ នាឱកាសដែលលោកបំពេញទស្សនកិច្ចទៅកាន់រោងចក្រផលិតអាវុធមួយកន្លែង ក្នុងតំបន់ស៊ីបេរី ហើយក៏បានសង្កត់ធ្ងន់ ផងដែរពីតម្រូវការចាំបាច់ ក្នុងការបង្កើនការផលិតរថក្រោះ និងដំឡើងមុខងារសន្តិសុខទំនើបៗសម្រាប់រថពាសដែក។ បើតាមលោក សយហ្គូ វាពិតជាមាន សារៈសំខាន់បំផុត ដើម្បីបំពេញតម្រូវការរបស់កងកម្លាំងរុស្ស៉ី ដែលកំពុងដឹកនាំការធ្វើប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២មក។
គួរបញ្ជាក់ថា រុស្ស៉ី ប៉ុន្មានកន្លងមកនេះ បានអះអាងពីជោគជ័យជាបន្តបន្ទាប់ក្នុងការទប់ស្កាត់ការវាយបករបស់អ៊ុយក្រែន ប៉ុន្តែទីក្រុងកៀវ ក៏បានអះអាងពីជ័យជម្នះដែរ នូវការដណ្ដើមបានទឹកដីមួយចំនួនមកវិញ ក្នុងនោះរួមមានទាំងការវាយយកបានទឹកដី ១០០គីឡូម៉ែត្រក្រឡា នៅក្នុងតំបន់ភាគខាងត្បូង៕