(វ៉ាស៊ីនតោន)៖ ក្រុមអង្គការការពារសិទ្ធិមនុស្ស នៅក្នុងសហរដ្ឋអាមេរិក មានគម្រោងដឹកនាំការធ្វើបាតុកម្មតវ៉ា នៅសប្ដាហ៍ក្រោយនេះដើម្បីសម្ដែងការប្រឆាំងជំទាស់ ទៅនឹងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ជុំវិញការធ្លាក់ចុះដុនដាបនៃស្ថានភាពសិទ្ធិមនុស្សនៅក្នុង ប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣។
អង្គការការពារសិទ្ធិមនុស្សដែលគ្រោងនឹងដឹកនាំការធ្វើបាតុកម្មប្រឆាំងនឹងលោក ម៉ូឌី ក្នុងនោះរួមមាន Indian American Muslim Council, Peace Action, Veterans for Peace និងអង្គការ Bethesda African Cemetery Coalition។ ក្រុមអង្គការទាំងនេះមានផែនការរៀបចំការប្រមូលផ្ដុំតវ៉ានៅក្បែរសេតវិមាន នៅថ្ងៃទី២២ ខែមិថុនា ចំពេលលោក ម៉ូឌី ត្រូវជួបពិភាក្សាជាមួយលោកប្រធានាធិបតី ចូ បៃដិន។
គួរបញ្ជាក់ថា បច្ចុប្បន្ន សហរដ្ឋអាមេរិក កំពុងព្យាយាមពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយឥណ្ឌា ដើម្បីទប់ទល់ជាមួយចិន។ ប៉ុន្តែ ក្រុមអ្នកការពារសិទ្ធិមនុស្ស បានរិះគន់ចំពោះភាពអសកម្មរបស់រដ្ឋបាលលោក ចូ បៃដិន ជាមួយការព្រួយបារម្ភថាបញ្ហាភូមិសាស្ត្រនយោបាយ អាចនឹងបាំងភ្នែករបស់សហរដ្ឋអាមេរិក ពីស្ថានភាព សិទ្ធិមនុស្សនៅក្នុងប្រទេសឥណ្ឌា ជាទីដែលអ្នកសារព័ត៌មាន និងអ្នកនយោបាយប្រឆាំង រងការគាបសង្កត់៕