(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃសុក្រសប្ដាហ៍នេះបាននិយាយថាដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន មានគោលបំណងដើម្បីបើកចំហការទំនាក់ទំនង សំដៅដោះស្រាយការយល់ច្រឡំ និងបញ្ចៀសការគណនាខុស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣។
លោក Antony Blinken បានគូសបញ្ជាក់ដូច្នេះថា «ការប្រកួតប្រជែងរឹតតែខ្លាំង តម្រូវឱ្យមានការទូតប្រកបដោយចីរភាព ដើម្បីធានាឱ្យបានថាការប្រកួតប្រជែង នឹងមិនបង្កទៅជាការប្រឈមមុខដាក់គ្នា ឬជម្លោះ ហើយនេះគឺជាអ្វីដែលពិភពលោកចង់បានពីសហរដ្ឋអាមេរិក និងចិន»។
គួរបញ្ជាក់ថា លោក Antony Blinken នឹងត្រូវបំពេញទស្សនកិច្ចចាប់ពីថ្ងៃអាទិត្យស្អែកនេះ រហូតដល់ថ្ងៃចន្ទ ទៅកាន់ទីក្រុងប៉េកាំងជាទីដែលលោកនឹងជួបពិភាក្សា ជាមួយមន្ត្រីជាន់ខ្ពស់របស់ចិន ហើយវាក៏នឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងបំផុតរបស់ប្រមុខការទូតអាមេរិកទៅកាន់ប្រទេសចិនផងដែរ ក្នុងពេលជិត ៥ឆ្នាំមកនេះ។ លោក Blinken ធ្លាប់មានគម្រោងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង កាលពីខែកុម្ភៈកន្លងទៅ តែត្រូវបានលុបចោលវិញភ្លាមៗ ក្រោយទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងចិន ឡើងកម្ដៅខ្លាំង ជុំវិញឧប្បត្តិហេតុបាឡុង៕