Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរវៀតណាម ចាប់ខ្លួនមនុស្សច្រើនជាង ៥០នាក់ ក្នុងនោះមានមេខ្លោងជាច្រើននាក់ ជុំវិញការវាយប្រហារក្នុងខេត្ត Dak Lak

17-06-2023 09:16

(ហាណូយ)៖ ក្រសួងសន្តិសុខសាធារណៈនៃប្រទេសវៀតណាម នៅថ្ងៃសុក្រសប្ដាហ៍នេះបាននិយាយថាជនសង្ស័យច្រើនជាង ៥០នាក់ ពាក់ព័ន្ធនឹងការវាយប្រហារ លើសាលាឃុំចំនួន២ ក្នុងខេត្ត Dak Lak ត្រូវបានចាប់ខ្លួ​ន ក្នុងនោះរួមមានទាំងមេខ្លោងជាច្រើននាក់របស់ពួកគេផងដែរ។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន VN Express។

បើតាមមន្ត្រីម្នាក់មកពីក្រសួងសន្តិសុខសាធារណៈវៀតណាម ជនសង្ស័យភាគច្រើនខាងលើ គឺជាយុវជនជនជាតិដើមភាគតិច នៅក្នុងខេត្ត Dak Lak។ មន្ត្រីរូបនេះបន្តទៀតថា ជនសង្ស័យទាំងនេះក៏បានសារភាពដែរថាពួកគេត្រូវបានគេញុះញង់ និងសម្លុតគំរាមឱ្យធ្វើការវាយប្រហារ ដើម្បីជាថ្នូរនឹងការ បានទៅរស់នៅឯក្រៅប្រទេស។

នៅក្នុងចំណោមជនសង្ស័យទាំង ៥០នាក់ដែលត្រូវបានចាប់ខ្លួន មានមេខ្លោងជាច្រើននាក់ ក្នុងនោះមានមេខ្លោងដ៏សំខាន់ម្នាក់ឈ្មោះ អ៉ី ថូ អៃយុន (Y Tho Ayun) បានដើរញុះញង់ឱ្យអ្នកភូមិក្នុងខេត្ត Dak Lak ធ្វើការវាយប្រហារលើសាលាឃុំ នៅក្នុងឃុំ Ea Ktur និង Ea Tieu។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃអាទិត្យសប្ដាហ៍មុន មានជនប្រដាប់អាវុធមួយក្រុម បានបើកការវាយប្រហារលើសាលាឃុំ ក្នុងឃុំ Ea Ktur និង Ea Tieu ដោយសម្លាប់ប៉ូលិស៤នាក់ មន្ត្រីសាលាឃុំ ២នាក់ និងជនស៊ីវិល ៣នាក់៕