(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានស្នើឱ្យក្រុមមេដឹកនាំអាហ្រិ្វក ជំរុញទៅកាន់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ឱ្យដោះលែងអ្នកនយោបាយពីតំបន់គ្រីមៀ និងពីកន្លែងដទៃទៀត ដោយនិយាយថានេះជាការបោះជំហានមួយដ៏សំខាន់ អំឡុងដំណើរទស្សនកិច្ចរបស់ ក្រុមមេដឹកនាំអាហ្រ្វិកទៅកាន់ប្រទេសរុស្ស៉ី នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣។
មេដឹកនាំអាហ្រ្វិកចំនួន ៧រូប ក្នុងនោះរួមមានប្រធានាធិបតីមកពីប្រទេសកូម៉ូរ៉ូស សេណេហ្កាល់ អាហ្វ្រិកខាងត្បូង និងសំប៊ី ព្រមទាំងនាយករដ្ឋមន្ត្រីអេហ្ស៉ីប ក៏ដូចជាបេសកជនមកពីសាធារណរដ្ឋកុងហ្គោ និងអ៊ូហ្កង់ដា បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្រ ទី១៦ ខែមិថុនា ជាផ្នែក មួយនៃបេសកកម្មស្វែងរកសន្តិភាពរវាងរុស្ស៉ី និងអ៊ុយក្រែន ដើម្បីជួយបិទបញ្ចប់សង្រ្គាមដ៏បង្ហូរឈាមអូសបន្លាយពេលជាង១៦ខែមកនេះ។
ថ្លែងទៅកាន់ក្រុមមេដឹកនាំអាហ្វ្រិកនៅឯសន្និសីទសារព័ត៌មានរួមជាមួយ លោក ហ្សេលេនស្គី ក្រោយកិច្ចប្រជុំបិទទ្វារ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក ស៊ីរីល រ៉ាម៉ាហ្វូសា (Cyril Ramaphosa) បានគូសបញ្ជាក់ដូច្នេះថា «ជម្លោះនេះ (សង្រ្គាមនៅអ៊ុយក្រែន) ក៏បានជះឥទ្ធិពលអវិជ្ជមានដល់អាហ្រ្វិក ផងដែរ។ ខ្ញុំជឿជាក់ថាប្រជាជនអ៊ុយក្រែនមានអារម្មណ៍ថាពួកគេត្រូវតែប្រយុទ្ធ និងមិនត្រូវចុះចាញ់ ហើយផ្លូវទៅរកសន្តិភាពគឺមានភាពលំបាកណាស់... ប៉ុន្តែវាក៏មានភាពចាំបាច់ផងដែរ ដើម្បីបិទបញ្ចប់ជម្លោះនេះឱ្យបានឆាប់ ប្រសើរជាងទុកឱ្យវាបន្តអូសបន្លាយ»។
ចំណែក លោក ហ្សេលេនស្គី មិនបានកត់សម្គាល់អ្វីជាពិសេសនោះទេ ដោយគ្រាន់តែលោកបានស្នើឱ្យក្រុមមេដឹកនាំអាហ្រ្វិក ជួយជំរុញឱ្យលោក ពូទីន ដោះលែងអ្នកទោសនយោបាយពីតំបន់គ្រីមៀ ដែលរុស្ស៉ីបានក្រសោបយកកាលពីឆ្នាំ២០១៤។ «តើអ្នកទាំងអស់គ្នា នឹងស្នើឱ្យរុស្ស៉ីដោះលែងអ្នកទោស នយោបាយដែរឬទេ? ប្រហែលនេះនឹងក្លាយជាលទ្ធផលដ៏មានសារៈសំខាន់នៃបេសកកម្មរបស់អ្នក និងផែនការសន្តិភាពរបស់អ្នក»។ នេះជា ការគូសបញ្ជាក់របស់លោក ហ្សេលេនស្គី។
គួរបញ្ជាក់ថា ក្រុមមេដឹកនាំអាហ្រ្វិក នឹងត្រូវបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី នៅថ្ងៃសៅរ៍នេះ ដើម្បីជួបជាមួយលោក ពូទីន នៅឯទីក្រុង សាំង ភីតធឺស្បឺគ (St Petersburg)៕