(ក្រុងកៀវ)៖ អ៊ុយក្រែន​បានឲ្យដឹងនៅថ្ងៃ​សុក្រនេះ​ថា ខ្លួន​បាន​បាញ់​ទម្លាក់​មីស៊ីល​រុស្ស៊ី​ចំនួន ១២គ្រាប់ ក្នុងនោះរួមមានទាំង​មីស៊ីល Kinzhal ដែលមានល្បឿនលឿនជាងសម្លេងចំនួន ៦គ្រាប់ពី​លើ​ទីក្រុង​កៀវ ខណៈ​គណៈប្រតិភូ​នៃ​មេដឹកនាំ​អាហ្វ្រិក​បានមកដល់អ៊ុយក្រែន ដែលជាផ្នែកមួយនៃបេសកកម្មសន្តិភាពរបស់អាហ្វ្រិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣។

កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា ខ្លួនបានបាញ់បំផ្លាញមីស៊ីល Kinzhal ចំនួន ៦គ្រាប់ មីស៊ីល Kalibr ចំនួន ៦គ្រាប់ និងយន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ចំនួនពីរគ្រឿងផងដែរ។ ប្រធានរដ្ឋបាលយោធាទីក្រុងកៀវ លោក Sergei Popko បានគូសបញ្ជាក់ថា មីស៊ីល និងដ្រូនទាំងអស់នេះត្រូវបានស្ទាក់ចាប់បាននៅទូទាំងរដ្ឋធានី។

គួរបញ្ជាក់ថា គណៈប្រតិភូអាហ្រ្វិក ក្នុងនោះរួមទាំងមេដឹកនាំនៃប្រទេសអាហ្វ្រិកខាងត្បូង សេណេហ្គាល់ កូម៉ូរ៉ូ សាំប៊ី និងអេហ្ស៊ីប ត្រូវបានគេរំពឹងថា នឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky នៅថ្ងៃសុក្រនេះ ហើយបន្ទាប់មកបន្តដំណើរទៅទីក្រុង St. Petersburg ដើម្បីពិភាក្សាជាមួយប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃសៅរ៍សប្តាហ៍នេះ៕