(មូស្គូ)៖ ការទំនាក់ទំនងតាមទូរសព្ទត្រូវបានកាត់ផ្តាច់​ កាលពីថ្ងៃសុក្រ (១៦ មិថុនា) ក្នុងទីក្រុង Saint Petersburg ក្នុងវិធានការសន្តិសុខតឹងរឹងបំផុត «មិនធ្លាប់មានពីមុនមក» ត្រូវបានរៀបចំសម្រាប់ប្រធានាធិបតីរុស្ស៉ី លោក Vladimir Putin ចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ចំពេលមានការកើនឡើង នៃការវាយប្រហាររបស់អ៊ុយក្រែនលើទឹកដីរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣។

មូលនិធិ Roskongress ដែលជាអ្នករៀបចំវេទិកានៅទីក្រុងធំទីរបស់ប្រទេសរុស្ស៊ី បាននិយាយមុននេះថា ការទំនាក់ទំនងគ្នាតាមអ៊ីនធឺណិត តាមរយៈប្រតិបត្តិករទូរសព្ទនឹងត្រូវបានរារាំង។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការប្រើប្រាស់ Wi-Fi ត្រូវបានភ្ជាប់ជាមួយសន្តិសុខខ្ពស់ ទៅនឹងការគំរាមកំហែងនៃការវាយប្រហារពីអ៊ុយក្រែន។

លោក Peskov បានបន្តថា «នេះគឺជាការអនុវត្តធម្មតាទេ។ ខ្មាំងកំពុងធ្វើសកម្មភាពដោយក្លាហាន និងមិនបោះបង់ចោលការប៉ុនប៉ងរបស់ខ្លួនដើម្បីបង្កការខូចខាត» ដោយបន្ថែមថា ក្នុងលក្ខខណ្ឌបែបនេះ «វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរក្សាការយកចិត្តទុកដាក់ខ្លាំងបំផុត»។

គួរបញ្ជាក់ថា វេទិកាសេដ្ឋកិច្ចពិភពលោកនេះធ្វើឡើងនៅភាគខាងលិចនៃប្រទេសរុស្ស៊ី នៅពេលដែលប្រទេសនេះក្លាយជាគោលដៅ នៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកជាច្រើនដង ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

ទីក្រុង Saint Petersburg គឺនៅឆ្ងាយពីអ៊ុយក្រែន ប៉ុន្តែអ្នកសរសេរប្លុកប៉ារ៉ាយោធាដ៏មានឥទ្ធិពល គឺលោក Vladlen Tatarsky ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះមួយនៅទីនេះ កាលពីខែមេសា។ ទីក្រុងមូស្គូបានចោទប្រកាន់ សេវាស៊ើបការណ៍សម្ងាត់របស់ទីក្រុងកៀវ និងក្រុមប្រឆាំងរុស្ស៊ីថា ជារៀបចំការវាយប្រហារនេះ៕