(ប៉េកាំង)៖ លោក Bill Gates បានជួបជាមួយនឹង លោក Xi Jinping នៅថ្ងៃសុក្រសប្តាហ៍នេះ ដែលជាជំនួបមួយទល់នឹងមួយលើកដំបូងរបស់មេដឹកនាំចិន ជាមួយអ្នកជំនួញលោកខាងលិចក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣។
លោក Gates ដែលជាសហស្ថាបនិកក្រុមហ៊ុន Microsoft (MSFT) និងជាមហាសេដ្ឋីលំដាប់ទីប្រាំរបស់ពិភពលោក កំពុងនៅទីក្រុងប៉េកាំងក្នុងសប្តាហ៍នេះ សម្រាប់ការធ្វើដំណើរលើកដំបូងរបស់លោក ទៅកាន់រដ្ឋធានីរបស់ប្រទេសចិន ចាប់តាំងពីឆ្នាំ ២០១៩ មុនពេលជំងឺរាតត្បាកូវីដ១៩។
ក្នុងជំនួបទ្វេរភាគី លោក Xi បានអំពាវនាវឱ្យ លោក Gates ឱ្យជួយលើកកម្ពស់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ដោយបានស្វាគមន៍មហាសេដ្ឋីបច្ចេកវិទ្យារូបនេះយ៉ាងកក់ក្តៅផងដែរ។ លោក Xi និយាយថា «ខ្ញុំរីករាយណាស់ដែលបានជួបអ្នក។ យើងមិនបានជួបគ្នាជាងបីឆ្នាំមកហើយ… ហើយអ្នកគឺជាមិត្តចាស់របស់យើង»។
លោក Xi បានបន្តប្រាប់លោក Gates ថា «ខ្ញុំជឿថា មូលដ្ឋានគ្រឹះនៃទំនាក់ទំនងចិន-អាមេរិក គឺស្ថិតនៅលើប្រជាជន។ ជាមួយនឹងស្ថានភាពពិភពលោកបច្ចុប្បន្ន យើងអាចអនុវត្តសកម្មភាពផ្សេងៗដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសរបស់យើង ប្រជាជននៃប្រទេសរបស់យើង និងមនុស្សជាតិទាំងមូល»។
ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនកាន់តែអាក្រក់ទៅៗក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែថ្មីៗនេះភាគីទាំងពីរបានពិភាក្សាគ្នាលើបញ្ហាពាណិជ្ជកម្ម និងបញ្ហាផ្សេងៗទៀត ខណៈរដ្ឋមន្ត្រីការបរទេស លោក Antony Blinken ត្រូវបានគេរំពឹងថានៅក្នុងប្រទេសចិននៅថ្ងៃអាទិត្យនេះ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ។
លោកនឹងក្លាយជារដ្ឋមន្ត្រីការបរទេសដំបូងគេ ដែលធ្វើទស្សនកិច្ចនៅប្រទេសចិនចាប់តាំងពីឆ្នាំ ២០១៨ ហើយត្រូវបានរំពឹងថា នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេស Qin Gang និងប្រធានាធិបតីចិន លោក Xi Jinping ផងដែរ នេះបើយោងតាមមន្ត្រីអាមេរិក។
កាលពីថ្ងៃព្រហស្បតិ៍ មូលនិធិហ្គេតស៍បានសន្យាផ្តល់ប្រាក់ចំនួន ៥០លានដុល្លារ ដើម្បីបង្កើនសមត្ថភាពរបស់វិទ្យាស្ថានស្រាវជ្រាវឱសថសកលដើម្បីអភិវឌ្ឍឱសថក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដូចជាជំងឺគ្រុនចាញ់ និងជំងឺរបេង។ វិទ្យាស្ថាននេះត្រូវបានបង្កើតរួមគ្នា ដោយមូលនិធិហ្គេតស៍ សាកលវិទ្យាល័យ Tsinghua និងរដ្ឋាភិបាលក្រុងប៉េកាំង។
គួរបញ្ជាក់ថា ការធ្វើដំណើរចុងក្រោយបំផុតរបស់ លោក Gates គឺទៅកាន់ប្រទេសចិនគឺក្នុងឆ្នាំ ២០១៩ ជាពេលដែលលោកបានជួបជំទាវទីមួយ លោកស្រី Peng Liyuan ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងបង្ការជំងឺអេដស៍របស់មូលនិធិ Gates៕