Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីអាហ្វ្រិកខាងត្បូង ទៅដល់អ៊ុយក្រែន ក្នុងបេសកកម្មសន្តិភាពរបស់តំបន់អាហ្វ្រិក (Video inside)

16-06-2023 16:21

(កៀវ)៖ ការិយាល័យប្រធានាធិបតីអាហ្វ្រិកខាងត្បូង បានឲ្យដឹងថា លោក ស៉ីរីល រ៉ាម៉ាហ្វូសា (Cyril Ramaphosa) បានទៅដល់អ៊ុយក្រែនហើយនៅថ្ងៃសុក្រនេះ ដែលជាផ្នែកមួយនៃបេសកកម្មសន្តិភាពរបស់អាហ្វ្រិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣។

តាមរយៈវីដេអូដែលបង្ហោះដោយការិយាល័យប្រធានាធិបតីអាហ្វ្រិកខាងត្បូង បន្ទាប់ពីធ្វើដំណើរឆ្លងកាត់ប្រទេសប៉ូឡូញ លោក រ៉ាម៉ាហ្វូសា បានទៅដល់អ៊ុយក្រែនតាមរថភ្លើងក្នុងតំបន់ប៊ូចា (Bucha) ក្បែររដ្ឋធានីកៀវ។ លោក រ៉ាម៉ាហ្វូសា ត្រូវបានរំពឹងថា នឹងជួបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃសុក្រនេះ ហើយបន្ទាប់មក លោកនឹងបន្តដំណើរទៅកាន់ប្រទេសរុស្ស៉ី ដើម្បីពិភាក្សាជាមួយប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងទីក្រុងសាំង ផេតធឺស្បឺគ (St Petersburg) នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

បើតាមសេចក្តីព្រាងឯកសារ បេសកកម្មសន្តិភាពនេះអាចស្នើឡើងជាបន្តបន្ទាប់ដើម្បី «វិធានការកសាងទំនុកចិត្ត» ក្នុងអំឡុងពេលកិច្ចខិតខំប្រឹងប្រែងលើកដំបូង ចំពោះការព្យាយាមជួយសម្រុះសម្រួលនេះ។ គោលបំណងនៃបេសកកម្មគឺ «លើកកម្ពស់សារៈសំខាន់នៃសន្តិភាព និងលើកទឹកចិត្តដល់ភាគីឲ្យយល់ព្រម ចំពោះដំណើរការចរចាខាងផ្នែកការទូត»

គួរបញ្ជាក់ថា រួមដំណើរដោយប្រធានាធិបតីសេណេហ្គាល់ លោក ម៉េកគី សល (Macky Sall) លោក រ៉ាម៉ាហ្វូសា កំពុងដឹកនាំគណៈប្រតិភូ ដែលរួមទាំងមេដឹកនាំអាហ្រ្វិក៣ទៀត គឺប្រទេសហ្សាំប៊ី កូម៉ូរ៉ូ និងអេហ្ស៉ីប៕