Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេទ័ពកំពូលអាមេរិក ថាប្រតិបត្តិការវាយបករបស់អ៊ុយក្រែន ជាការប្រយុទ្ធដ៏លំបាក (Video inside)

16-06-2023 15:32

(វ៉ាស៉ីនតោន)៖ ក្រុមមន្ត្រីយោធាជាន់ខ្ពស់អាមេរិកបាននិយាយថា អ៊ុយក្រែនត្រូវប្រឈមមុខនឹងការប្រយុទ្ធយ៉ាងស្វិតស្វាញ ក្នុងប្រតិបត្តិការវាយបករបស់ខ្លួន ដែលកំពុងប្រព្រឹត្តទៅប្រឆាំងនឹងកងកម្លាំងរុស្ស៉ី ហើយយុទ្ធនាការដណ្តើមយកទឹកដីមកវិញនេះ ទំនងជានឹងបានមកដោយមានការលំបាកខ្លាំង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣។

មេទ័ពកំពូលអាមេរិកលោក ម៉ាក មីលលី (Mark Milley) ដែលប្រធានអគ្គសេនាធិការចម្រុះនៃកងទ័ពសហរដ្ឋអាមេរិក បានគូសបញ្ជាក់នៅឯទីស្នាក់ការកណ្តាលរបស់អង្គការណាតូ (NATO) ក្នុងទីក្រុងទីក្រុងព្រុចសែល កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា «អ៊ុយក្រែនបានចាប់ផ្តើមការវាយប្រហាររបស់ពួកគេ ហើយកំពុងមានការរីកចម្រើនជាលំដាប់។ នេះគឺជាការប្រយុទ្ធមួយដ៏លំបាកមួយ ដោយវាទំនងជានឹងចំណាយពេលច្រើនជាមួយនិងការលះបង់ខ្ពស់»

រីឯរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បានប្រាប់កិច្ចប្រជុំថា ក្រុងកៀវ ត្រូវការការគាំទ្រទាំងរយៈពេលខ្លី និងរយៈពេលវែង ដោយសារសង្គ្រាមគឺជា «ការរត់ម៉ារ៉ាតុង មិនមែនជាការរត់ប្រណាំងនោះទេ» ហើយអ៊ុយក្រែនត្រូវការអាវុធបន្ថែមទៀត។ លោក អូស្ទីន បានបន្ថែមថា អ៊ុយក្រែននៅតែមានអាវុធសេសសល់ជាច្រើនសម្រាប់ធ្វើការវាយលុករបស់ខ្លួន បើទោះបីជាបានខាតបង់ កាលពីដើមដំបូងនៃប្រតិបត្តិការនេះក៏ដោយ។

គួរបញ្ជាក់ថា ការវាយតម្លៃរបស់សហរដ្ឋអាមេរិក ជុំវិញប្រតិបត្តិការវាយបករបស់អ៊ុយក្រែន កើតមានឡើងចំពេលដែលសាធារណរដ្ឋឆេឆេនី បានដាក់ពង្រាយកងកម្លាំងរបស់ខ្លួនទៅកាន់តំបន់បែលហ្គូរូដ (Belgorod) របស់រុស្ស៉ីជាប់ព្រំដែនអ៊ុយក្រែន ខណៈមន្ត្រីយោធាអ៊ុយក្រែនបានរាយការណ៍ពីភាពជឿនលឿន នៅតាមជួរមុខក្នុងទីតាំងជាច្រើន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕