(មូស្គូ)៖ នៅថ្ងៃសុក្រនេះ ក្រសួងការពារជាតិរុស្ស៉ីបានប្រកាសថា កងទ័ពរុស្ស៉ីដែលបានបំផ្លាញរថក្រោះ Leopard ផលិតដោយអាល្លឺម៉ង់ និងរថពាសដែកផលិតដោយអាមេរិក ដែលកងទ័ពអ៊ុយក្រែនប្រើប្រាស់ក្នុងសមរភូមិ នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣។
ក្រសួងការពារជាតិរុស្ស៉ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «ដោយផ្អែកទៅតាមរបាយការណ៍ពីក្រុមមេបញ្ជាការរុស្ស៉ី ដែលទទួលបន្ទុកដឹកនាំការប្រយុទ្ធនៅសមរភូមិមុខ ការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តកំពុងត្រូវធ្វើឡើង សម្រាប់កងទ័ពរុស្ស៉ីទាំងឡាយណា ដែលបានកម្ទេចរថក្រោះ Leopard ព្រមទាំងរថពាសដែកប្រយុទ្ធ ដែលផលិតដោយអាមេរិក និងប្រទេសសមាជិកអង្គការណាតូ (NATO) ផ្សេងទៀត កំលុងប្រតិបត្តិការយោធានៅអ៊ុយក្រែន»។
បើតាមក្រសួងការពារជាតិរុស្ស៉ី វាគឺជាផ្នែកនៃកម្មវិធីផ្តល់រង្វាន់មួយ ដែលគិតចាប់តាំងពីសង្រ្គាមផ្ទុះឡើង កាលពីជិត១៦ខែមុនមក ទាហានរុស្ស៉ីសរុបជាង១០,០០០នាក់ហើយ បានទទួលថវិកាលើកទឹកចិត្ត។ គិតត្រឹមថ្ងៃទី៣១ ខែឧសភា កងទ័ពរុស្ស៉ីចំនួន១០,២៥៧នាក់ ត្រូវបានផ្តល់ប្រាក់រង្វាន់ សម្រាប់ការកម្ទេចបរិក្ខារយោធារបស់អ៊ុយក្រែន និងលោកខាងលិចសរុបចំនួន១៦,០០១វត្ថុ។
គួរបញ្ជាក់ថា យោងតាមការអះអាងរបស់ទីក្រុងមូស្គូ ការកម្ទេចរថពាសដែកសត្រូវមួយគ្រឿង ទទួលបានប្រាក់រង្វាន់៥០,០០០រូប្លិ៍ ឬស្មើនឹងជិត៦០០ដុល្លារអាមេរិក ខណៈរថក្រោះមួយគ្រឿងទទួលបាន ១០០,០០០រូប្លិ៍ (ជិត១,២០០ដុល្លារ)។ ចំណែកពីឡុតយោធានិងកងទ័ពកាពារដែនអាកាសវិញ ទទួលបាន៣០០,០០០រូប្លិ៍ (៣,៥៧៦ដុល្លារ) សម្រាប់ការកម្ទេចយន្តហោះ ឬឧទ្ធម្ភាគចក្រយោធាមួយគ្រឿងៗរបស់អ៊ុយក្រែន។ រីឯការកម្ទេចបានប្រព័ន្ធបាញ់មីស៉ីលបាលិស្ទីគសម័យសូវៀត Tochka-U និងប្រព័ន្ធបាញ់ផ្លោងគ្រាប់រ៉ុក្កែត HIMARS ដែលផលិតដោយអាមេរិក ក៏ទទួលបានប្រាក់រង្វាន់ចំនួន៣០០,០០០រូប្លិ៍ផងដែរ៕