(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បានឱ្យដឹងនាថ្ងៃសុក្រនេះថា នាវាមុជទឹកមួយគ្រឿងរបស់អាមេរិក ដែលដើរដោយថាមពលនុយក្លេអ៊ែរ ទើបតែបានធ្វើដំណើរមកដល់ កំពង់ផែនៃទីក្រុងប៊ូសាន (Busan) របស់ប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣។
វាជាលើកទីមួយហើយក្នុងរយៈពេលជិត៦ឆ្នាំ ដែលនាវាមុជទឹកប្រភេទ SSGN ឬនាវាមុជទឹកដែលបំពាក់មីស៉ីលគ្រូសរបស់សហរដ្ឋអាមេរិក បានចូលចតនៅកូរ៉េខាងត្បូង។ កាលពីខែមេសា ឆ្នាំនេះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន ស៊ុកយុល ហើយនិងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានព្រមព្រៀងគ្នានៅទីក្រុងវ៉ាស៉ីនតោន ដើម្បីបង្កើនបន្ថែមទៀតនូវការសម្ញែងសព្វាវុធយុទ្ធសាស្រ្តរបស់អាមេរិក នៅឧបទ្វីបកូរ៉េ។
នាពេលនោះ មេដឹកនាំប្រទេសទាំងពីរក៏បានឯកភាពគ្នាផងដែរថា ទីក្រុងវ៉ាស៉ីនតោននឹងបញ្ជូននាវាមុជទឹកផ្ទុកមីស៉ីលបាលិស្ទីគនុយក្លេអ៊ែរ ឬ SSBN ឱ្យមកធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងជាលើកដំបូង គិតចាប់តាំងពីអំលុងទសវត្សរ៍ឆ្នាំ១៩៨០ ដើម្បីជួយបង្ហាញអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការការពារកូរ៉េខាងត្បូងពីការវាយប្រហាររបស់កូរ៉េខាងជើង។ យ៉ាងណាមិញ ពុំមានការផ្តល់បរិច្ឆេទជាក់លាក់ សម្រាប់ដំណើរទស្សនកិច្ចរបស់នាវាមុជមីស៉ីលនុយក្លេអ៊ែរ នោះឡើយ។
គួរបញ្ជាក់ថា ការមកដល់នៃនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិកខាងលើនេះ កើតមានឡើត បន្ទាប់ពីកូរ៉េខាងជើងទើបតែបាញ់តេស្តមីស៉ីលរយៈចម្ងាយខ្លី២គ្រាប់ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយក្រោយពីការទទួលបរាជ័យ នៃការប៉ុនប៉ងបង្ហោះផ្កាយរណបចារកម្មជាលើកដំបូងរបស់ទីក្រុងព្យុងយ៉ាង កាលពីខែមុន៕