(សេអ៊ូល)៖ កូរ៉េខាងត្បូង បានស្រង់ចេញពីទឹកសមុទ្រនូវផ្នែកនៃគ្រាប់រ៉ុក្កែត ត្រូវបានប្រើប្រាស់ នៅក្នុងការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍យោធាដំបូងរបស់ កូរ៉េខាងជើង ដែលទទួលបរាជ័យកាលពីខែឧសភា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣។
យោធាកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះបានឱ្យដឹងថាបំណែកនៃគ្រាប់រ៉ុក្កែត ត្រូវបានស្រង់ចេញពីទឹកសមុទ្រកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ រីឯក្រុមអ្នកជំនាញកំពុង បន្តធ្វើប្រតិបត្តិការស្វែងរកបំណែកគ្រាប់រ៉ុក្កែតបន្ថែម។ កាលពីថ្ងៃទី៣១ ខែឧសភា កូរ៉េខាងជើងបានបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍យោធាដំបូងបំផុតមួយ របស់ខ្លួន ប៉ុន្តែទទួលបរាជ័យដោយទាំងផ្កាយរណប និងគ្រាប់រ៉ុក្កែតបានធ្លាក់ចូលទឹកសមុទ្រ។
គួរបញ្ជាក់ថា កូរ៉េខាងត្បូង ក៏បានរកឃើញបំណែកមួយចំនួននៃគ្រាប់រ៉ុក្កែតរបស់កូរ៉េខាងជើង នៅតំបន់ឆ្នេរភាគខាងលិចរបស់ខ្លួនផងដែរ ភា្លមៗក្រោយគ្រាប់រ៉ុក្កែត នេះធ្លាក់។ បើតាមយោធាកូរ៉េខាងត្បូង បំណែកគ្រាប់រ៉ុក្កែតដែលត្រូវបានស្រង់កាលពីថ្ងៃព្រហស្បតិ៍ ទំនងជាផ្នែកទី២ នៃគ្រាប់រ៉ុក្កែត ហើយថានឹងបន្តការស្វែងរក ក្បាលគ្រាប់ពាំផ្កាយរណប និងផ្នែកទី៣នៃគ្រាប់រ៉ុក្កែត៕