(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានថ្កោលទោសយ៉ាងខ្លាំងនូវអ្វីដែលខ្លួនហៅថាការរំលោភបំពាន សិទ្ធិមនុស្ស ការបៀតបៀន និងអំពើហិង្សាដ៏ឃោរឃៅ នៅក្នុងប្រទេសស៊ូដង់ អំឡុងសង្គ្រាមអូសបន្លាយពេលជាង២ខែមកនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយថាសហរដ្ឋអាមេរិកមានការព្រួយបារម្ភជាពិសេស ចំពោះរបាយការណ៍ស្ដីពីអំពើហិង្សារើសអើងពូជសាសន៍ប្រព្រឹត្តដោយកងកម្លាំងទាហានប៉ារ៉ា RSF និងក្រុមប្រដាប់អាវុធជាសម្ព័ន្ធមិត្តរបស់ទាហានប៉ារ៉ានេះ នៅក្នុងតំបន់វែស ដាហ្វួរ (West Darfur)។ «អំពើឃោរឃៅដែលបានកើតឡើងនៅថ្ងៃនេះ ក្នុងតំបន់ West Darfur និងតំបន់ដទៃទៀតគឺជាការដាស់រំឮកពី ព្រឹត្តិការណ៍ដ៏រន្ធត់ជាច្រើន ដែលជំរុញឱ្យសហរដ្ឋអាមេរិកកំណត់ក្នុងឆ្នាំ២០០៤ ថាអំពើប្រល័យពូជសាសន៍បានកើតឡើងក្នុងតំបន់ Darfur»។ នេះជាការបញ្ជាក់ បន្ថែមរបស់លោក Matthew Miller។
លោក Miller ក៏បានបន្ថែមដែរថាសហរដ្ឋអាមេរិកបានថ្កោលទោសចំពោះការសម្លាប់អភិបាលតំបន់ West Darfur លោក ខមីស អាប់បាការ (Khamis Abbakar) កាលពីថ្ងៃពុធសប្ដាហ៍នេះ បន្ទាប់ពីរូបលោកបានចោទប្រកាន់កងកម្លាំងទាហានប៉ារ៉ា RSF និងកងកម្លាំងមួយចំនួនទៀតថាបានប្រព្រឹត្តអំពើប្រល័យ ពូជសាសន៍។
គួរបញ្ជាក់ថា សង្រ្គាមក្នុងប្រទេសស៊ូដង់ អស់រយៈពេលជាង២ខែមកនេះ បានសម្លាប់ជីវិតមនុស្សយ៉ាងហោច ១,០០០នាក់ និងធ្វើឱ្យមនុស្សជាង ២.២លាននាក់ ភៀសខ្លួនចេញពីផ្ទះសម្បែង ដើម្បីគេចចេញពីការវាយប្រយុទ្ធដណ្ដើមអំណាចគ្នា៕