(ឡាហាវ៉ាន)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉ៃស៊ី បានជួបជាមួយសមភាគីគុយបា គឺលោក មីហ្កែល ឌីយ៉ាស់ កាណែល (Miguel Diaz-Canel) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្នុងដំណើរទស្សនកិច្ចឈប់សំចតចុងក្រោយក្នុងប្រទេសចំនួន៣ នៃតំបន់អាមេរិកឡាទីន ក្នុងគោលបំណងពង្រឹងចំណងមិត្ត ភាពជាមួយបណ្ដាប្រទេសក្នុងតំបន់នេះដែលកំពុងជាប់ទណ្ឌកម្មអាមេរិក ដូចអ៉ីរ៉ង់ដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣។
លោក រ៉ៃស៊ី បានប្រាប់អ្នកសារព័ត៌មាននៅឯវេទិកាធុរកិច្ចមួយក្នុងទីក្រុងឡាហាវ៉ាន កាលពីថ្ងៃព្រហស្បតិ៍ថាគុយបា និងអ៉ីរ៉ង់ នឹងស្វែងរកឱកាសដើម្បីធ្វើការ ជាមួយគ្នាលើការផលិតអគ្គិសនី ជីវៈបច្ចេវិទ្យា រ៉ែ និងវិស័យសំខាន់ៗជាច្រើនទៀត។ បើតាមលោក រ៉ៃស៊ី ផ្អែកលើលក្ខខណ្ឌ និងកាលៈទេសៈដែលអ៉ីរ៉ង់ និងគុយបា កំពុងប្រឈមសព្វថ្ងៃ ប្រទេសទាំង២ មានផលប្រយោជន៍រួមគ្នាជាច្រើន។
ដោយឡែក នៅក្នុងជំនួបជាមួយលោក រ៉ៃស៊ី លោកប្រធានាធិបតីគុយបា មីហ្កែល ឌីយ៉ាស់ កាណែល ក៏បានសង្កត់ធ្ងន់ដែរថា «វេណេស៊ុយអេឡា នីការ៉ាហ្កា គុយបា និងអ៉ីរ៉ង់ ស្ថិតនៅក្នុងចំណោមប្រទេសដែលកំពុងប្រឈមមុខនឹងទណ្ឌកម្ម ការគំរាមកំហែង ការបិទខ្ទប់ និងការជ្រៀតជ្រែកពីចក្រពត្តិនិយមអាមេរិក ហើយដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៉ីរ៉ង់ នឹងពង្រឹងការជឿជាក់របស់គុយបាថាមានមិត្តម្នាក់ដូចជាអ៉ីរ៉ង់ នៅក្នុងតំបន់មជ្ឈិមបូព៌ា»។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៉ីរ៉ង់ កើតមានឡើងចំពេលប្រទេសគុយបា កំពុងពង្រឹងទំនាក់ទំនងជាមួយចិន និងរុស្ស៉ី ដែលសុទ្ធសឹងតែ កំពុងមិនត្រូវគ្នាជាមួយសហរដ្ឋអាមេរិក៕