(ប្រ៊ុចសែល)៖ ប្រធានអង្គការ NATO លោក Jens Stoltenberg បានលើកឡើងនៅថ្ងៃព្រហស្បតិ៍នេះ ជុំវិញអាណត្តិរបស់លោកក្នុងតំណែងជាប្រមុខសម្ព័ន្ធយោធានេះថា វាអាស្រ័យលើការម្រេចចិត្តរបស់សមាជិកនៃសម្ព័ន្ធ ថាតើពួកចង់ឱ្យគាត់បន្ត ឬរកអ្នកថ្មីជំនួសគាត់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣។
នៅមុនកិច្ចប្រជុំកំពូលនៃមេដឹកនាំប្រទេសសមាជិក នៅរដ្ឋធានី Vilnius របស់ប្រទេសលីទុយអានី នាខែក្រោយ ប្រទេសចំនួន៣១ របស់អង្គការ NATO ឥឡូវនេះកំពុងពិភាក្សាស្វែងរកអ្នកស្នងតំណែង ដើម្បីជំនួស លោកជាអគ្គលេខាធិការសម្ព័ន្ធ។
លោក Stoltenberg ដែលបានកាន់មុខតំណែងជាអគ្គលេខាធិការសម្ព័ន្ធមិត្តយោធាលោកខាងលិចនេះ តាំងពីឆ្នាំ ២០១៤ រួចហើយនោះ អាណត្តិរបស់លោកបានអូសបន្លាយ១ឆ្នាំដល់ខែតុលា បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២។
នាយករដ្ឋមន្ត្រីដាណឺម៉ាក លោក Mette Frederiksen បានក្លាយជាអ្នកនាំមុខគេដែលទំនងជាអាចស្នងតំណែងពីលោក។ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace ក៏ចូលរួមផងដែរ។
ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានការឯកភាពគ្នាលើការជ្រើសរើសច្បាស់លាស់ក្នុងចំណោមសមាជិក NATO ទេ ហើយអ្នកការទូតកំពុងនិយាយកាន់តែច្រើនឡើង អំពីឱកាសដែល លោក Stoltenberg ត្រូវបានស្នើឱ្យបន្ត។
លោក Stoltenberg អាយុ ៦៤ឆ្នាំបានរំលឹកឡើងវិញថា លោកមិនមាន «ចេតនាណាមួយក្នុងការស្វែងរកការបន្ថែមអាណត្តជូនលោកទេ ប៉ុន្តែថាការអំពាវនាវគឺអាស្រ័យលើសមាជិក NATO៕