(តូក្យូ)៖ ប្រធានាធិបតីកោះប៉ាឡូ (Palau) លោក Surangel Whipps Jr បានស្នើឱ្យសហរដ្ឋអាមេរិកបង្កើនការល្បាតនៅក្នុងដែនទឹករបស់ខ្លួន បន្ទាប់ពីនាវាចិនបានបំពានចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន ជាច្រើនដងក្នុងរយៈពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣។

លោក Whips Jr បាននិយាយថា លោកសូមស្វាគមន៍ចំពោះការពង្រីកវត្តមានយោធារបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេស ជាមួយនឹងកងទ័ពដែលឈរជើងជាមួយឆ្មាំឆ្នេរសមុទ្រដែលមានស្រាប់ និងកងកម្លាំងកិច្ចការស៊ីវិល ខណៈដែលក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងកំពុងប្រកួតប្រជែងដណ្តើមឥទ្ធិពលគ្នា នៅក្នុងតំបន់យុទ្ធសាស្ត្រ។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតូក្យូកាលពីថ្ងៃពុធ (១៤មិថុនា) លោក Whipps Jr. បាននិយាយថា «មិនថាមានអ្វីកើតឡើងនោះទេ យើងនឹងស្ថិតនៅកណ្តាលនៃអ្វីគ្រប់យ៉ាងដែលកើតឡើង ដូច្នេះវាជាការសំខាន់ណាស់ដែលយើងត្រូវបានការពារ។ អ្នកត្រូវតែបង្ហាញភាពខ្លាំង»

គួរបញ្ជាក់ថា គួរបញ្ជាក់ថា ប្រទេស Palau ព្រមទាំងប្រទេសកោះប៉ាស៊ីហ្វិកដទៃទៀតដូចជា​ Micronesia និងកោះ Marshall មានកិច្ចព្រមព្រៀងដែលមានអាយុកាលរាប់ទសវត្សរ៍មកហើយ ជាមួយទីក្រុងវ៉ាស៊ីនតោន ដែលសហរដ្ឋអាមេរិករក្សាការទទួលខុសត្រូវ សម្រាប់វិស័យការពារជាតិរបស់ពួកគេ និងផ្តល់ជំនួយសេដ្ឋកិច្ច ដែលជាកេរដំណែលដែលមានឫសគល់នៅក្នុងសង្គ្រាមលោកលើកទីពីរ។

ប្រទេសចិនក៏បានកំពុងស្វែងរកការពង្រឹងវត្តមានសន្តិសុខរបស់ខ្លួន នៅក្នុងតំបន់ប៉ាស៊ីហ្វិកផងដែរ ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយកោះ Solomon កាលពីឆ្នាំមុន ដែលបានធ្វើឱ្យសហរដ្ឋអាមេរិក អូស្ត្រាលី និងនូវែលសេឡង់មានការភ្ញាក់ផ្អើល៕