(កៀវ)៖ យុទ្ធនាការវាយលុករដូវក្តៅរបស់អ៊ុយក្រែន នៅមិនទាន់បង្ហាញប្រៀបឈ្នះ ឬប្រៀបចាញ់ណា មួយនៅឡើយទេ។ យុទ្ធនាការវាយលុករដូវក្តៅនេះ ត្រូវក្រុម ប្រទេសលោកខាងលិចបាន បញ្ជាក់ការចាប់ផ្តើមរបស់វាតាំងពីថ្ងៃទី៤មិថុនា។ អ៊ុយក្រែនចង់យកប្រៀបឈ្នះលើសមរភូមិ ក្នុងពេលនេះដើម្បីគាបសង្កត់រុស្ស៊ី ស្វែងរកលទ្ធផលនៃការចរចា។
យុទ្ធនាការវាយលុករដូវក្តៅរបស់អ៊ុយក្រែន បាន និងកំពុងបន្តនៅជាមួយនឹងសេចក្តីរាយការណ៍បង្ហាញថាកងកម្លាំងអ៊ុយក្រែនបានរងគ្រោះថ្នាក់ខ្លាំងក្លា ក្នុងពេលវាយ សម្រុកចូលក្នុងទីតាំងគ្រប់គ្រងរបស់រុស្ស៊ីដែលត្រៀមរៀបចំទុកជាច្រើនខែមកហើយ។ ក្រុមប្រទេសលោកខាងលិចបានវាយតម្លៃនិងទទួលស្គាល់ជាលើកដំបូងថា យុទ្ធនាការវាយលុករដូវក្តៅរបស់អ៊ុយក្រែនគឺបានចាប់ផ្តើមតាំងពីថ្ងៃទី៤ ខែមិថុនានោះមក។ សារព័ត៌មាន The Guardian បានដកស្រង់សម្តីមន្ត្រីរបស់ក្រុមប្រទេស លោកខាងលិចដែលចាត់ទុកយុទ្ធនាការវាយលុកនោះថាជាក្តីលំបាកយ៉ាងខ្លាំងក្លាដោយសារតែកងកម្លាំងអ៊ុយក្រែនបានវាយលុកដាក់លើប្រព័ន្ធខ្សែការពាររុស្ស៊ីដែល បានត្រៀមចាំព្រឹត្តិការណ៍វាយបកនេះរយៈពេលច្រើនខែមកហើយ។
អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោកស្រី Hannar Maliar កាលពីថ្ងៃពុធ ទី១៤ ខែមិថុនា បានរៀបរាប់ជុំវិញការវាយបក Counter Offensive ក្នុងការដណ្តើមយក ទឹកដីខ្លះពីរុស្ស៊ីមកវិញជាមួយការពណ៌នាថាវាជាការប្រយុទ្ធគ្នាដ៏សាហាវឃោរឃៅ។ លោកស្រីបានថ្លែងថាក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ កងកម្លាំងរបស់អ៊ុយក្រែន បានវាយទម្លុះដណ្តើមយកទឹកដីបានមកវិញដោយកន្លែងខ្លះ ក្នុងនោះនៅតំបន់ក្បែរក្រុង Bakhmut កន្លែងខ្លះមានចម្ងាយ២០០ម៉ែត្រ, ចំណែកកន្លែង ខ្លះទៀត មានជ្រៅដល់៥០០ម៉ែត្រ។ លោកស្រីបានថ្លែងបន្តថាចំណែកមុខព្រួញសម្តៅក្រុង Zaporizhzhia នាភាគអាគ្នេយ៍វិញ, កងកម្លាំងបានរុលដណ្តើមបានទឹកដី ពីប្រមាណ ៣០០ទៅ ៥០០ម៉ែត្រផងដែរ។
សេចក្តីរាយការណ៍របស់កាសែត Aljazeera ថ្ងៃទី១៥ ខែមិថុនា បានបញ្ជាក់ថារុស្ស៊ីបានវាយរុញច្រានកងកម្លាំងអ៊ុយក្រែនចំនួន៣មុខព្រួញក្នុងរយៈពេល ២៤ម៉ោង កន្លងមកនេះក្នុងមុខព្រួញ ក្រុង Zaporizhzhia។ សេចក្តីរាយការណ៍ដដែលបាននិយាយថារុស្ស៊ីបានបាញ់ដាក់លើឃ្លាំងស្តុកអាវុធរបស់អ៊ុយក្រែនថែមទៀត។
សារព័ត៌មាន The Guardian កាលថ្ងៃទី១៤ ខែមិថុនាបានលើកសម្តីរបស់មេដឹកនាំរុស្ស៊ី លោក ពូទីនដែលនិយាយថាអ៊ុយក្រែនក្នុងយុទ្ធនាការវាយលុកនេះ បានខាតបង់ យ៉ាងធ្ងន់ធ្ងរ។ លោក ពូទីន បានថ្លែង ថាការបាត់បង់របស់អ៊ុយក្រែនមានទំហំធំក្រៃលែង និងអះអាងទៀតថាអ៊ុយក្រែននៅមិនទទួលបានជោគជ័យណាមួយឡើយលើ សមរភូមិ ប៉ុន្តែ អ៊ុយក្រែនបានអះអាងថាគេបានរំដោះយកភូមិដែលរុស្ស៊ីកាន់កាប់យ៉ាងហោចចំនួន៧បានមកវិញ ។ កាលពីថ្ងៃអង្គារ ទី១៣ ខែមិថុនា អ៊ុយក្រែន បានថ្លែងថាគេបានរំដោះភូមិថ្មីមួយទៀតឈ្មោះ ណេស្គូឈ្នី Neskuchne។
ដើម្បីបង្ហាញនូវជោគជ័យរបស់ខ្លួនក្នុងពេលបានដណ្តើមភូមិនីមួយៗពីរុស្ស៊ីនោះ, ទាហានអ៊ុយក្រែនត្រូវគេឃើញថាបានធ្វើការដោតទង់ជាតិរបស់ខ្លួន និងបានបង្ហោះតាម ប្រព័ន្ធបណ្តាញសង្គមបញ្ជាក់ប្រាប់ពិភពលោក។ រុស្ស៊ីបានអះអាងថាក្នុងរយៈពេល១០ថ្ងៃចុងក្រោយនេះ គេបានសម្លាប់ និងធ្វើឱ្យរបួសដល់ទាហានអ៊ុយក្រែនច្រើនដល់ ប្រមាណ ៧ពាន់៥០០នាក់។ លោកដឹកនាំរុស្ស៊ីលោក ពូទីនបានថ្លែងថាការខូចខាតរបស់អ៊ុយក្រែននៅក្នុងយុទ្ធនាការវាយបក គឺខ្ពស់ជាងការខាតបង់របស់រុស្ស៊ី រហូតដល់ទៅ១០ដង។ មេដឹកនាំរុស្ស៊ីបានអះអាងថារុស្ស៊ីបានបាត់រថក្រោះតែចំនួន៥៤គ្រឿងទេ ខណៈដែលអ៊ុយក្រែនបាត់បង់ដល់ ១៦០គ្រឿង។ រុស្ស៊ីថែមទាំង បាន បញ្ចេញនូវរូបភាពវីដេអូ ដែលបង្ហាញនូវការរឹបអូសរថក្រោះរបស់អ៊ុយក្រែននៅលើសមរភូមិ ថែមទៀតដែលក្នុងរួមមានរថក្រោះផលិតដោយប្រទេសអាល្លឺម៉ង់ និងរថក្រោះ ផលិតដោយសហរដ្ឋអាមេរិក។
ប៉ុន្តែនៅជាមួយគ្នានេះវិញ, អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានថ្លែងប្រាប់ប្រទេសជាសមាជិកនៃអង្គការណាតូវិញជាមួយការជំរុញថាអ៊ុយក្រែន ត្រូវតែមានអាវុធរបស់ខ្លួនគ្រប់គ្រាន់ដើម្បីធ្វើការវាយលុកក្នុងយុទ្ធនាការរដូវក្តៅប្រឆាំងនឹងរុស្ស៊ី។ រដ្ឋាភិបាលអាមេរិកនៅជាមួយគ្នានេះ បានប្រកាសកញ្ចប់ជំនួយយោធាថ្មី តម្លៃ ៣២៥លានដុល្លារដែលរួមមានគ្រាប់កាំភ្លើងត្បាល់ Artillery, ប្រព័ន្ធអាវុធការពារដែនអាកាស និងរថក្រោះប្រយុទ្ធថ្មើរជើង Bradley ថ្មីចំនួន១៥គ្រឿងជាបន្ថែម។ ប្រទេសអង់គ្លេសនៅ ទន្ទឹមគ្នានេះ ក៏បានប្រកាសកញ្ចប់ជំនួយយោធា១១៥លានដុល្លារដល់អ៊ុយក្រែនថែមទៀត។ លោក Jens Stoltenberg បានថ្លែងថា ដោយសារតែការវាយបក Counter Offensive ទើបនឹងចាប់ផ្តើមបានប៉ុន្មានថ្ងៃមកនេះ ដូច្នេះគេមិនទាន់អាចវាយតម្លៃជុំវិញលទ្ធផលនៃការប្រយុទ្ធគ្នានោះបានឡើយ។
លោក Jens Stoltenberg បានថ្លែងថាគេបានឃើញទាហានអ៊ុយក្រែនបានវាយសម្រុក ទៅមុខនិងបានរំដោះទឹកដីបានជាច្រើន។ លោកថ្លែងថា គេបានដឹងថា ការដណ្តើមបានទឹកដីច្រើនប៉ុណ្ណា គឺជាកម្លាំងជំរុញរបស់អ៊ុយក្រែនក្នុងការអាចសម្រេចលទ្ធផលចរចានៅលើតុជាមួយរុស្ស៊ី។ លោកបន្តថាការដណ្តើមបានទឹកដីច្រើន ប៉ុណ្ណារបស់អ៊ុយក្រែន វាគឺជាទំហំដែលបង្ខំឱ្យមេដឹកនាំរុស្ស៊ីលោក ពូទីននឹងទទួលស្គាល់ថាគាត់មិនអាចឈ្នះលើការធ្វើសង្គ្រាមក្នុងសមរភូមិនោះបានឡើយ ក្រៅពី ការចរចាគ្នាជាមួយអ៊ុយក្រែនដើម្បីស្វែងរកសន្តិភាព។
លោក ពូទីន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងសប្តាហ៍នេះថា រុស្ស៊ីត្រៀមនឹងចរចាលើបញ្ហាអ៊ុយក្រែនប៉ុន្តែទាល់តែក្រុមប្រទេសលោកខាងលិច ត្រូវបញ្ឈប់ ការផ្តល់ជំនួយអាវុធដល់អ៊ុយក្រែន។ លោក ពូទីនបានថ្លែងថា «គន្លឹះនៃការដោះស្រាយបញ្ហាគឺស្ថិតលើភាគីម្ខាងទៀតប្រសិនណា បើគេចង់ឱ្យទំនាស់ថ្ងៃនេះដោះស្រាយ តាមរយៈការជជែកគ្នា»។ លោក ពូទីនបន្តថា «គេចាំបាច់ គ្រាន់តែធ្វើការសម្រេចចិត្តតែរឿងមួយ ដោយបញ្ឈប់ការផ្តល់ជំនួយអាវុធដល់អ៊ុយក្រែន… ហើយនោះ គឺជាអ្វី ដែលគេត្រូវការ»។ លោក ពូទីន បញ្ជាក់ទៀតថាបើសិនបញ្ឈប់ការផ្តល់អាវុធមែន នោះ «អ៊ុយក្រែន នឹងមិនអាចផលិតអ្វីដោយខ្លួនឯងបានទេ»។ លោកបាននិយាយ បង្ហាញទៀតថា បើសិនជាក្រុមប្រទេសលោកខាងលិចធ្វើកិច្ចការនេះបាន នោះការចរចាសន្តិភាពនឹងកើតមានថ្ងៃស្អែកក៏បាន ទោះបីជាមិនទាន់ផ្លូវការប៉ុន្តែគឺជាចេតនា នៃកិច្ចការទាំងអស់។
ដំណាក់កាលចរចាគ្នា ត្រូវគេរាយការណ៍ថាហាក់ដូចជាមានគម្លាតឆ្ងាយណាស់ដោយសារតែអ៊ុយក្រែនចង់រកប្រៀបឈ្នះលើសមរភូមិសិនដើម្បីដាក់ទម្ងន់ គាបសង្កត់ដល់ រុស្ស៊ីដើម្បីចូលតុចរចា។ អ៊ុយក្រែនចង់ឱ្យរុស្ស៊ីដកកម្លាំងរបស់ខ្លួនចេញពីទឹកដីភាគខាងកើតអ៊ុយក្រែន សិននៅមុនការចូលតុចរចា ដែលលក្ខខណ្ឌនោះ ត្រូវបានរុស្ស៊ី បដិសេធ។ ខណៈដែលភាពមិនទាន់ច្បាស់លាស់អាចបញ្ជាក់ថាតើភាគីរុស្ស៊ីឬភាគីអ៊ុយក្រែននឹងមានប្រៀបនៅលើការប្រយុទ្ធដ៏សាហាវនាពេលនេះបាននោះ រុស្ស៊ីកាន់តែបង្កើនការវាយប្រហាររបស់ខ្លួនតាមផ្លូវអាកាសដាក់លើគោលដៅក្នុងទឹកដីអ៊ុយក្រែន។
កងកម្លាំងរុស្ស៊ីកាលពីថ្ងៃពុធទី១៤ ខែមិថុនា បានបាញ់មីស៊ីលដាក់លើក្រុង Odesa ដោយធ្វើឱ្យមានមនុស្ស ៣នាក់បានស្លាប់ និង១១នាក់បានរងរបួស។ កងកម្លាំង របស់អ៊ុយក្រែនបាននិយាយថាប្រព័ន្ធការពារអាកាសបានបាញ់ទម្លាក់មីស៊ីលគ្រូស Kalibr ចំនួន២គ្រាប់ ប៉ុន្តែគ្រាប់មីស៊ីលដទៃរបស់ រុស្ស៊ីនៅតែអាចទម្លុះរបាំងការពារ ដែនអាកាសបានដោយបាញ់ចំគោលដៅហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងនោះរួមមានទីតាំងមជ្ឈមណ្ឌលរកស៊ីមួយកន្លែង, វិទ្យាស្ថានអប់រំ ចំនួន១, អគារពល រដ្ឋរស់នៅ ចំនួន១ និងហាងនានារួមទាំងភោជនីយដ្ឋានមួយចំនួនថែមទៀត។ សេចក្តីរាយការណ៍បានបន្តថាក្នុងការវាយប្រហារមួយផ្សេងទៀតនាព្រឹកថ្ងៃទី១៥ ខែមិថុនាលើក្រុង Kramatorsk និងក្រុងកូស្ទីវយ៉ាន់ទីនីវកា Kostyantynivka ក្នុងខេត្តដូណេតស៍, មានមនុស្ស៣ នាក់បានស្លាប់និង៣នាក់ដទៃទៀតបានរងរបួស។
ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ុយក្រែនបានរាយការណ៍ថាក្នុងការវាយប្រហារដាក់លើក្រុង Kramatorsk នោះ ផ្ទះចំនួន២៥ខ្នង បានរងការបំផ្លាញនិងការខូចខាត, ចំណែក នៅក្នុងក្រុង កូស្ទីវយ៉ាន់ទីនីវកា Kostyantynivka មានផ្ទះ៥៧ ខ្នងត្រូវបានបំផ្លាញនិងរងការខូចខាត។ ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គីក្រោយ មានសេចក្ដីរាយការណ៍អំពីការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ីដាក់លើក្រុងអូដេសា និងខេត្ត ដូណេតស៍នោះមក បានបង្ហាញនូវកំហឹងឈឺចាប់ និងលោកបានថ្លែង តាមបណ្តាញសង្គមប្តេជ្ញាថានឹងបណ្តេញទាហានរុស្ស៊ីឱ្យអស់ចេញពីទឹកដីអ៊ុយក្រែន។
ប៉ុន្តែក្នុងពេលដែលការវាយប្រហារគ្នាបាននិងកំពុងប្រព្រឹត្តទៅនេះ, អាវុធនុយក្លេអ៊ែរតាក់ទិករបស់រុស្ស៊ី ត្រូវបានដឹកមកដល់ប្រទេសបេឡារុសហើយ។ មេដឹកនាំបេឡារុស លោក Alexander Lukashenko បានថ្លែងថាប្រទេសរបស់លោកបានចាប់ផ្តើមទទួលអាវុធនុយក្លេអ៊ែរនេះពីរុស្ស៊ីចាប់តាំងពីថ្ងៃទី១៣ ខែមិថុនានោះមក។
សេចក្តីរាយការណ៍បានបារម្ភថា ប្រទេសបេឡារុសនឹងអាចលោតចូលក្នុងសង្គ្រាមនេះថែមទៀតដើម្បីជួយរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ក្រោយការទទួលបាននូវអាវុធ នុយក្លេអ៊ែរតាក់ទិកនេះ បានព្រមានថាលោកនឹងមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរតាក់ទិកនេះ ដាក់លើសត្រូវឡើយប្រសិន បើប្រឈមមុខនឹងអំពើឈ្លានពានណាមួយមែននោះ។
លោក Lukashenko បានសរសេរក្នុងបណ្តាញសង្គមប្តេជ្ញាថា «ខ្ញុំសូមទទួលខុសត្រូវចំពោះ ប្រជាជនចំនួន១៣លាននាក់។ ខ្ញុំនឹងមិនបណ្តោយឱ្យពលរដ្ឋបេឡារុស ១០លាននាក់ និងពលរដ្ឋរុស្ស៊ីបីលាននាក់ដែលរស់នៅក្នុងទឹកដីបេឡារុសនេះ ត្រូវបានគេហែកជាចំរៀកនោះឡើយ» ។ លោក Lukashenko បានថ្លែងថាបើមានអំពើ ឈ្លានពានដាក់លើប្រទេសបេឡារុស គឺប្រាកដជាអាចចេញមកពីប្រទេសប៉ូឡូញ, ប្រទេសអ៊ុយក្រែនឬពីប្រទេសណាមួយដែលស្ថិតក្នុងតំបន់បាល់ទិក។ មេដឹកនាំ ប្រទេសបេឡារុសដដែលបានថ្លែងទៀតថាសមាជិករបស់អង្គការណាតូដែលមានព្រំដែនជាប់នឹងបេឡារុសបានរក្សាចំនួនទាហានជាច្រើនក្នុងទីតាំងដែលជាការបង្ហាញ នូវការរៀបចំគម្រោងចង់ធ្វើការវាយប្រហារ។
លោក Lukashenko បាននិយាយបន្តថា «ទោះជាយ៉ាងណាក៏ដោយ ខ្ញុំមិនគិតថាការវាយប្រហារឈ្លានពានដាក់មកលើប្រទេសបេឡារុសបែបនោះ អាចនឹងធ្វើដោយ ក្រុមវិច្ឆេទ្ធកររបស់អ៊ុយក្រែនឡើយ។ ប៉ុន្តែពួកទាំងនេះ គឺជាក្រុមដែលបង្កហេតុច្រើនណាស់»។ លោក Lukashenko បានបញ្ជាក់ចុងក្រោយថាបេឡារុស ពេលនេះ បានចាប់ផ្តើមដោះស្រាយនិងស្វែងយល់នៅក្នុងបញ្ហាដ៏អាក្រក់នេះហើយ។ ពួកវិច្ឆេទ្ធកររបស់អ៊ុយក្រែនបានខ្លាចរួចមកហើយដោយមិនហ៊ានចូលមកទាំងក្រុមៗក្នុងទឹក ដីបេឡារុសនោះឡើយ។
លោក Lukashenko បានព្រមានទៀតថាអាវុធនុយក្លេអ៊ែរតាក់ទិករបស់រុស្ស៊ីលើទឹកដីអ៊ុយក្រែនគឺមានឥទ្ធិពល៣ដងខ្លាំងជាងអាវុធនុយក្លេអ៊ែរដែលសហរដ្ឋអាមេរិក បានទម្លាក់លើទឹកដីហ៊ីរ៉ូស៊ីម៉ារបស់ជប៉ុនក្នុងសង្គ្រាមលោកលើកទី២។ ក្រុមអ្នកតាមដានសភាពការណ៍បានបារម្ភថាស្ថានការណ៍សង្គ្រាម ដែលអាចនឹងឈានដល់ ប្រើអាវុធនុយក្លេអ៊ែរ ហាក់ដូចជាបានរំកិលមកជិតបន្តិចម្តងៗហើយ។ តើពិភពលោកកាន់តែ ឈានជិតនូវអវសានរបស់ខ្លួន ដូចដែលនាឡិកា Doomsday Clock បានទស្សន៍ទាយនាដើមឆ្នាំ ឆ្នាំ២០២៣នេះដែរឬទេ៕