(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ យោធារបស់អាមេរិកបានឱ្យដឹងថា យន្តហោះចម្បាំង F-22 ត្រូវចល័តទៅកាន់មជ្ឈិមបូព៌ា ដោយសារតែការធ្វើសកម្មភាព ដែលពុំមានសុវត្ថិភាព និងពុំមានវិជ្ជាជីវៈកាន់តែខ្លាំងឡើង ដោយយន្តហោះចម្បាំងរុស្ស៉ី នៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣។
ក្នុងសេចក្តីថ្លែងការណ៍ប្រកាសពីដំណឹង នៃការចល័តយន្តហោះចម្បាំង F-22 លោក មីឈែល គូរីលឡា (Michael Kurilla) អគ្គបញ្ជាការនៃទីបញ្ជាការដ្ឋានកណ្តាល CENTCOM ដែលទទួលបន្ទុកមើលការខុសត្រូវលើកងកម្លាំងយោធាអាមេរិក នៅតំបន់មជ្ឈិមបូព៌ា បានលើកឡើងយ៉ាងដូច្នេះថា «អាកប្បកិរិយាដែលកាន់តែគ្មានសុវត្ថិភាព និងគ្មានវិជ្ជាជីវៈ មិនមែនជាអ្វីដែលយើងបានរំពឹងទុក ចំពោះកងទ័ពអាកាសមួយ ដែលមានវិជ្ជាជីវៈនោះឡើយ។ ការរំលោភបំពានជាប្រចាំរបស់ពួកគេ ចំពោះគោលការណ៍ទប់ស្កាត់ ការប៉ះទង្គិចគ្នាដោយចៃដន្យ ក្នុងដែនអាកាស ដែលត្រូវបានព្រមព្រៀងគ្នា គឺបាននិងកំពុងតែបង្កើនហានិភ័យនៃការផ្ទុះជម្លោះ ក៏ដូចជាការគណនាខុស។ រួមជាមួយគ្នាដៃគូ និងសម្ព័ន្ធមិត្តរបស់យើង ពួកយើងប្តេជ្ញាចំពោះការធ្វើឱ្យសន្តិសុខនិងស្ថិរភាពក្នុងតំបន់មជ្ឈិមបូព៌ា មានភាពប្រសើរឡើង។
គួរបញ្ជាក់ថា បើតាមយោធាអាមេរិក យន្តហោះ F-22 ទាំងនោះ ត្រូវបានចល័តចេញពីអឺរ៉ុប។ នៅមជ្ឈិមបូព៌ា ពួកវានឹងត្រូវរួមបញ្ចូលទៅក្នុងកងកម្លាំងរបស់អាមេរិក និងកងកម្លាំងយោធាចម្រុះដឹកនាំដោយអាមេរិក ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងតំបន់។ កាលពីសប្តាហ៍កន្លងទៅនេះ ក្រុមមន្រ្តីយោធាអាមេរិក ទើបតែបានបង្ហើបឱ្យដឹងថា យោធារុស្ស៉ីនៅក្នុងប្រទេសស៉ីរី បានសម្រេចឈប់គោរពតាមគោលការណ៍ដែលត្រូវបានព្រមព្រៀង ក្រោមគោលដៅបន្ថយហានិភ័យការប៉ះទង្គិចគ្នា ជាមួយកងកម្លាំងអាមេរិក និងកងកម្លាំងយោធាចម្រុះអន្តរជាតិ តទៀតហើយ។
កងកម្លាំងអាមេរិកនិងកងកម្លាំងក្រុមយោធាចម្រុះ មានវត្តមាននៅក្នុងប្រទេសស៉ីរី ក្រោមបេសកកម្មបោកសំអាតក្រុមភេរវករ ISIS ខណៈដើម្បីបញ្ចៀសកុំឱ្យមានឧបទ្ទវហេតុចៃដន្យ ឬការយល់ច្រឡំណាមួយនោះ កងកម្លាំងទាំងនេះហើយនិងយោធារុស្ស៉ី ដែលធ្វើប្រតិបត្តិការនៅស៉ីរី កន្លងមកបានព្រមព្រៀងគ្នា បើកខ្សែបណ្តាញសម្រាប់ទំនាក់ទំនង និងបង្កើតគោលការណ៍ទប់ស្កាត់ហានិភ័យ ជាពិសេសនៅក្នុងដែនអាកាស៕