(កៀវ)៖ ប្រធានទីភ្នាក់ងារថាមពលអាតូម៉ិកអន្តរជាតិ (IAEA) លោក រ៉ាហ្វាអែល ហ្រ្គូសស៉ី (Rafael Grossi) បានធ្វើដំណើរទៅដល់ រោងចក្រហ្សាប៉ូរ៉ិចហ្ស៉ីយ៉ា (Zaporizhzhia) ដែលជាស្ថានីយថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែន ប៉ុន្តែបច្ចុប្បន្នកំពុងគ្រប់គ្រងដោយរុស្ស៉ី បន្ទាប់ពីលោកសម្រេចពន្យារពេល១ថ្ងៃ ដោយសារកត្តាសន្តិសុខ ខណៈទាំងទីក្រុងមូស្គូនិងទីក្រុងកៀវ បានរាយការណ៍ពី ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា នៅឯភាគខាងត្បូងអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣។

លោក ហ្រ្គូសស៉ី កំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន។ ដំបូងឡើយ លោកត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចទៅ រោងចក្រហ្សាប៉ូរ៉ិចហ្ស៉ីយ៉ា កាលពីថ្ងៃពុធសប្តាហ៍នេះ ប៉ុន្តែរដ្ឋមន្ត្រីថាមពលអ៊ុយក្រែន លោក ជឺមែន ហ្គាលូសឈិនកូ (German Galushchenko) បាននិយាយថា ដំណើរទស្សនកិច្ចនេះនឹងត្រូវលើកទៅពេលក្រោយ។ យ៉ាងណាមិញ នៅថ្ងៃព្រហស្បតិ៍នេះ លោក ហ្រ្គូសស៉ី បានធ្វើដំណើរទៅដល់រោងចក្រថាមពលនុយក្លេអ៊ែរហ្សាប៉ូរ៉ិចហ្ស៉ីយ៉ាហើយ។ ថ្មីៗនេះ លោក ហ្រ្គូសស៉ី បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ដែលថារោងចក្រនុយក្លេអ៊ែរមួយនេះ អាចនឹងរងការវាយប្រហារ កំលុងប្រតិបត្តិការវាយបករបស់អ៊ុយក្រែន ដើម្បីដណ្តើមយកទឹកដីដែលកាន់កាប់ដោយរុស្ស៉ីមកវិញ។

គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍មុន IAEA បានលើកឡើងថា ខ្លួនត្រូវការចូលទៅកាន់កន្លែងមួយ នៅជិតរោងចក្រ Zaporizhzhia ដើម្បីពិនិត្យមើលកម្រិតទឹក បន្ទាប់ពីអាងស្តុកទឹកនៅក្បែរនោះបានបាត់បង់ទឹកជាច្រើន ដោយសារតែការបំផ្លិចបំផ្លាញទំនប់វារីអគ្គិសនី Kakhovka នៅលើដងទន្លេឌីនីប្រូ (Dnipro)។ រោងចក្រនេះប្រើស្រះទឹកត្រជាក់ ដើម្បីរក្សាម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៦របស់វា កុំឱ្យឡើងកំដៅខ្លាំងហួស ដែលអាចនាំទៅរកភាពអន្តរាយបាន៕