(ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា នាយករដ្ឋមន្រ្តីចិន លោក លី ជាំង (Li Qiang) នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង់ និងប្រទេសបារាំង ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែមិថុនា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វ៉ិនពីន (Wang Wenbin) បានប្រាប់ថា លោក លី នឹងចូលរួមកិច្ចពិគ្រោះពិភាក្សាជុំទី៧ រវាងរដ្ឋាភិបាលចិននិងអាល្លឺម៉ង់ ហើយលោកក៏នឹងបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសបារាំងផងដែរ។ នៅបារាំង លោកនាយករដ្ឋមន្រ្តីចិន នឹងចូលរួមព្រឹត្តិការណ៍ Summit for a New Global Financing Pact ដែលមានគោលដៅនាំយក ការផ្តល់ហិរញ្ញប្បទានឯកជននិងសាធារណ ទៅកាន់កន្លែងដែលពួកវាត្រូវការជាចាំបាច់បំផុត ដោយមនុស្សនិងពិភពលោក ដូចជាការប្រយុទ្ធប្រឆាំងបញ្ហានៃការប្រែប្រួលអាកាសធាតុនិងភាពទីទល់ក្រ ក៏ដូចជាការការពារជីវចម្រុះជាដើម។
គួរបញ្ជាក់ថា វានឹងជាដំណើរបំពេញទស្សនកិច្ចនៅក្រៅប្រទេសដំបូងបំផុត របស់លោក លី គិតចាប់តាំងពីរូបលោក ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសចិន កាលពីខែមីនា ឆ្នាំនេះ។ ទីក្រុងប៉េកាំងបាននិយាយថា ការសម្រេចជ្រើសរើសយកប្រទេសអាល្លឺម៉ង់ ធ្វើជាគោលដៅដំបូងគេ សម្រាប់ទស្សនកិច្ចលើកដំបូងរបស់លោក លី ស្តែងឱ្យឃើញយ៉ាងពេញលេញ នូវសារសំខាន់ដែលចិនបានភ្ជាប់ទៅលើ ទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងបែរឡាំង៕