(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសអ៉ីរ៉ង់ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋមន្រ្តីការបរទេសអារ៉ាប៊ីសាអូឌីត គឺព្រះអង្គម្ចាស់ ហ្វៃសាល់ ប៊ីនហ្វាហាន (Faisal bin Farhan) នឹងយាងមកបំពេញទស្សនកិច្ចនៅទីក្រុងតេហេរ៉ង់ នាថ្ងៃសៅរ៍សប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣។
ទីភ្នាក់ងារព័ត៌មានអ៉ីរ៉ង់ Tasnim បាននិយាយថា ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ប៊ីនហ្វាហាន នឹងត្រូវជួបពិភាក្សាជាមួយក្រុមមន្រ្តីរបស់អ៉ីរ៉ង់។ សេចក្តីរាយការណ៍ព័ត៌មាននេះ កើតមានឡើង បន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ ទើបតែប្រកាសកាលពីថ្ងៃចន្ទសប្តាហ៍នេះថា រដ្ឋមន្រ្តីការបរទេសអារ៉ាប៊សាអូឌីត នឹងយាងមកបំពេញទស្សនកិច្ច ក្នុងពេលឆាប់ៗ ប៉ុន្តែមិនបានបញ្ជាក់កាលបរិច្ឆេទច្បាស់ទេ។ យ៉ាងណាក្តី បើតាមអ្នកនាំពាក្យរូបនោះ កំលុងការបំពេញទស្សនកិច្ច ព្រះអង្គម្ចាស់ ប៊ីនហ្វាហាន ក៏នឹងចូលរួម ពិធីបើកស្ថានទូតអារ៉ាប៊ីសាអូឌីតឡើងវិញ នៅទីក្រុងតេហេរ៉ង់ផងដែរ។
គួរបញ្ជាក់ថា អ៉ីរ៉ង់បានបើកស្ថានទូតរបស់ខ្លួនឡើងវិញជាផ្លូវការ នៅអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃទី៧ ខែមិថុនា។ អ៉ីរ៉ង់និងអារ៉ាប៊ីសាអូឌីត បានយល់ព្រមកាលពីខែមីនាឆ្នាំនេះ ចំពោះកិច្ចព្រមព្រៀងមួយ ដែលសម្រេចបានក្រោមការជួយសម្របសម្រួលពីចិន ដើម្បីបិទបញ្ចប់ជម្លោះការទូតរយៈពេលជាច្រើនឆ្នាំ ហើយស្តារទំនាក់ទំនងឡើងវិញ៕