(ព្រុចសែល)៖ អគ្គលេខាធិការអង្គការណាតូ (NATO) លោក ជែន ស្តូលថិនបឺគ (Jens Stoltenberg) កាលពីថ្ងៃពុធសប្តាហ៍នេះ បាននិយាយថា បណ្តាប្រទេសជាសមាជិកចាំបាច់ត្រូវតែធានាថា អ៊ុយក្រែនបន្តទទួលបានសព្វាវុធគ្រប់គ្រាន់ ដើម្បីយកទៅប្រើប្រាស់ក្នុងប្រតិបត្តិការវាយបកប្រឆាំងនឹងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣។
លោក ស្តូលថិនបឺគ បានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «រឿងជាក់ស្តែងបំផុត គឺត្រូវធានាថាពួកគេមានសព្វាវុធ មានសម្ភារផ្គត់ផ្គង់ និងមានសមត្ថភាពជួសជុល ដើម្បីបន្តប្រតិបត្តិការវាយបក។ ប្រាកដណាស់ វានឹងមានការបាត់បង់បរិក្ខារយោធាទំនើបៗរបស់ NATO ក្នុងសមរភូមិនៅអ៊ុយក្រែន។ គ្មាននរណាម្នាក់រំពឹងថា នឹងគ្មានការខាតបង់ទាំងស្រុងនោះទេ ព្រោះធាតុពិត នេះគឺជាការប្រយុទ្ធគ្នាដ៏ក្តៅគគុកបំផុត»។ លោកប្រមុខ NATO បានបន្ថែមថា ប្រតិបត្តិការវាយបករបស់អ៊ុយក្រែន មានភាពរីកចម្រើនទៅមុខ ប៉ុន្តែវាស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ដែលពិបាកក្នុងការកំណត់ឱ្យច្បាស់ថា តើវានឹងអាចក្លាយជាចំណុចដ៏សំខាន់មួយ ដែលអាចកែប្រែស្ថានការណ៍សង្រ្គាមឬអត់។
គួរបញ្ជាក់ថា ក្រុមប្រទេស NATO ក្រោមការដឹកនាំរបស់សហរដ្ឋអាមេរិក បានផ្តល់សព្វាវុធគិតជាទឹកប្រាក់ ស្មើនឹងរាប់សិបពាន់លានដុល្លារឱ្យទៅអ៊ុយក្រែន ដើម្បីជួយទីក្រុងកៀវប្រយុទ្ធតតាំងប្រឆាំងនឹងកងកម្លាំងរុស្ស៉ី គិតចាប់តាំងពីទីក្រុងមូស្គូបានចាប់ផ្តើមសង្រ្គាមឈ្លានពានរបស់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ២០២២។ នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមលោកខាងលិចនឹងជួបគ្នានៅទីស្នាក់ការកណ្តាលរបស់ NATO ដែលស្ថិតក្នុងទីក្រុងព្រុចសែលនៃប្រទេសបែលហ្ស៉ិក នាថ្ងៃព្រហស្បតិ៍នេះ ដើម្បីទទួលព័ត៌មានថ្មីចុងក្រោយ ពីរដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែនស្តីពីប្រតិបត្តិការវាយបក៕