(ញូដេលី)៖ អាជ្ញាធរនៅប្រទេសឥណ្ឌានិងប៉ាគីស្ថាន បានជម្លៀសប្រជាជនសរុបជាង១៥០,០០០នាក់ ទៅកាន់កន្លែងសុវត្ថិភាព ស្របពេល​ដែលព្យុះស៉ីក្លូនមានឥទ្ធិពលខ្លាំងមួយ នឹងបោកបក់មកដល់ចន្លោះប្រទេសទាំងពីរ នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣។

មន្រ្តីទទួលបន្ទុកប្រតិបត្តិការជួយសង្រ្គោះរបស់ឥណ្ឌា បានឱ្យដឹងថា អាជ្ញាធរបានជម្លៀសមនុស្សជាង៧៥,០០០នាក់ ចេញពីសហគមន៍ ​ដែលប្រឈមហានិភ័យខ្ពស់ ក្នុងស្រុកចំនួន៨ដែលនៅជាប់ឆ្នេរសមុទ្រ ក្នុងរដ្ឋហ្គូចារ៉ាត់ (Gujarat)។ រីឯខាងប៉ាគីស្ថានវិញបានឱ្យដឹងថា ខ្លួនបានជម្លៀសប្រជាជនសរុបជិត ៨២,០០០នាក់ ចេញពីតំបន់នៅក្បែរឆ្នេរភាគអាគ្នេយ៍ប្រទេស ទៅកាន់ទីសុវត្ថិភាព។

កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ព្យុះស៉ីក្លូន Biparjoy ដែលត្រូវបានចាត់ថ្នាក់ជា ព្យុះស៉ីក្លូនកម្រិតធ្ងន់ ត្រូវបានប្រទះឃើញនៅចម្ងាយខ្ទង់ ១៨០គីឡូម៉ែត្រពីកំពង់ផែ ចាខូ (Jakhau) នៃរដ្ឋ Gujarat និងចម្ងាយប្រហែល២៧០គីឡូម៉ែត្រពី ទីក្រុងការ៉ាជី (Karachi) របស់​ប្រទេសប៉ាគីស្ថាន។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ព្យុះស៉ីក្លូនខាងលើមានកម្លាំងខ្យល់បក់ជាអតិបរមាចន្លោះ ១១៥-១៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ ទីភ្នាក់ងារ​ផ្នែកឧតុនិយមឥណ្ឌាបានឱ្យដឹងថា គន្លងផ្លូវធ្វើដំណើររបស់ព្យុះ Biparjoy មិនមានការប្រែប្រួលទេ ដោយវានៅតែត្រូវបានរំពឹងថា នឹងមកដល់ក្បែរកំពង់ផែ Jakhau ចន្លោះក្រុងម៉ាន់ឌ្វី (Mandvi) ក្នុងរដ្ឋ Gujarat និងទីក្រុង Karachi កំលុងពេលល្ងាចថ្ងៃព្រហស្បតិ៍នេះ៕