(វ៉ាស៉ីនតោន)៖ សមាជិកគណៈកម្មាធិការទំនាក់ទំនងការបរទេស នៃព្រឹទ្ធសភាអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក ជីម រីស (Jim Risch) បាននិយាយកាលពីថ្ងៃពុធ សប្តាហ៍នេះថា លោកកំពុងរារាំងការលក់អាវុធតម្លៃ ៧៣៥លានដុល្លារ ទៅឲ្យប្រទេសហុងគ្រីដោយសារតែរដ្ឋាភិបាលនេះ មិនយល់ព្រមលើពាក្យសុំចូលជា សមាជិកអង្គការណាតូរបស់ស៊ុយអែត។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣។
កិច្ចព្រមព្រៀងលក់អាវុធរវាងសហរដ្ឋអាមេរិក និងហុងគ្រី ដែលត្រូវបានរាយការណ៍ជាលើកដំបូងដោយកាសែត Washington Post រួមមានប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត HIMARS ចំនួន ២៤គ្រឿង និងគ្រាប់រ៉ុក្កែតជាង ១០០គ្រាប់ រួមជាមួយជំនួយផ្នែកពាក់ព័ន្ធដ៏ទៃទៀត។ លោក រីស បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ដោយមាន ការសន្យាជាមួយខ្ញុំ និងអ្នកដទៃទៀតកាលពីឆ្នាំ២០២២ថា ការបោះឆ្នោតលើសមាជិកភាពត្រូវធ្វើឲ្យរួចរាល់ ប៉ុន្តែឥឡូវនេះគឺខែមិថុនាហើយនៅតែមិនបានសម្រេច ដូច្នេះខ្ញុំ សម្រេចចិត្តថា ផែនការលក់ឧបករណ៍យោធាថ្មីរបស់អាមេរិកទៅឲ្យហុងគ្រី នឹងត្រូវផ្អាក»។ លោក រីស បានបន្ថែមថា «ហុងគ្រីគួរតែចាត់វិធានការចាំបាច់ ដើម្បីអនុញ្ញាតឲ្យ ស៊ុយអែតចូលទៅក្នុងបក្សសម្ព័ន្ធយោធានេះឲ្យបានឆាប់»។
គួរបញ្ជាក់ថា ស៊ុយអែត បានដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូកាលពីឆ្នាំ២០២២ គឺចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន។ ការជំទាស់ពីតួកគី និងហុងគ្រីបាននាំឲ្យពន្យារពេលលើដំណើរការនេះ ដោយស៊ុយអែតរំពឹងថានឹងអាចចូលជាសមាជិកបាន នៅឯកិច្ចប្រជុំកំពូលណាតូដែលគ្រោងធ្វើឡើងក្នុងប្រទេសលីទុយអានី នៅខែកក្កដាខាងមុខនេះ៕