(ហ្សាការតា)៖ ប្រទេសឥណ្ឌូណេស៉ី នៅថ្ងៃពុធសប្តាហ៍នេះបានទទួលស្គាល់ថា ខ្លួនបានទិញយន្តហោះចម្បាំង Mirage 2000-5 ចំនួន ១២គ្រឿង ដែលប្រទេសកាតា ធ្លាប់ប្រើប្រាស់ពីមុន ដើម្បីធ្វើបច្ចុប្បន្នភាពកងកម្លាំងទ័ពអាកាស ក្រោយរងនូវការរិះគន់ពីសមាជិកសភាដែលថាយន្តហោះចម្បាំងទាំងនោះមានសភាពចាស់ៗពេក។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣។

ក្រសួងការពារជាតិឥណ្ឌូណេស៉ី បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងហ្សាការតា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងតម្លៃ ៧៩២លានដុល្លារអាមេរិក ជាមួយ ក្រុមហ៊ុន Excalibur International របស់សាធារណៈរដ្ឋឆែក កាលពីខែមករាកន្លងទៅ។ យន្តហោះចម្បាំងនឹងត្រូវដឹកជញ្ជូនក្នុងរយៈពេល ២៤ខែ គិតចាប់ពីថ្ងៃនោះមក។ មិនមានការបញ្ជាក់អំពីអាយុកាលនៃយន្តហោះនេះទេ ប៉ុន្តែក្រសួងការពារជាតិឥណ្ឌូណេស៉ី ឲ្យដឹងថាមានការផ្តល់សេវាកម្មធានារយៈពេល ៣ឆ្នាំ និងការបណ្តុះបណ្តាល ដល់ពីឡុត។

កាសែតក្នុងស្រុករបស់ឥណ្ឌូណេស៉ី បានដកស្រង់សម្តីរបស់សមាជិកសភាមួយរូបគឺ លោក ទូបាហ្គូស ហាសានូដឌីន (Tubagus Hasanuddin) ដែលបានលើកឡើងថា «តើអ្វី ជាភាពបន្ទាន់ដែលយើងត្រូវការទិញយន្តហោះចាស់ៗ?»។ ជាការឆ្លើយតប លោក អេដវីន អាឌ្រៀន ស៊ូម៉ាន់ថា (Edwin Adrian Sumantha) អ្នកនាំពាក្យរបស់ ក្រសួងការពារជាតិ បាននិយាយថា «ឥណ្ឌូណេស៊ីត្រូវការយន្តហោះចម្បាំងដែលអាចដឹកជញ្ជូនបានយ៉ាងឆាប់រហ័ស ដើម្បីគ្រប់គ្រងលើការត្រៀមខ្លួន ប្រយុទ្ធរបស់កងពលទ័ពអាកាស»

គួរបញ្ជាក់ថា ឥណ្ឌូណេស៉ី បានស្វែងរកយូរមកហើយក្នុងការធ្វើបច្ចុប្បន្នភាព កងយន្តហោះចាស់ៗរបស់ខ្លួន ដែលរួមមានយន្តហោះ F-16 ផលិតដោយអាមេរិក យន្តហោះ Su-27 និង Su-30 របស់រុស្ស៉ី។ ឥណ្ឌណេស៉ី ក៏បានបញ្ជាទិញយន្តហោះចម្បាំង Rafale ចំនួន ៤២គ្រឿងក្នុងតម្លៃ ៨.១ពាន់លានដុល្លារកាលពីខែកុម្ភៈផងដែរ ខណៈ រដ្ឋមន្ត្រីការពារជាតិ លោក ប្រាបូវ៉ូ ស៊ូបៀនតូ ធ្លាប់បានលើកឡើងថា គម្រោងទិញយន្តហោះចម្បាំង F-15 ក៏ស្ថិតក្នុងដំណាក់កាលជឿនលឿនដែរ ហើយកំពុងរង់ចាំ ការចុះហត្ថលេខាចុងក្រោយពីរដ្ឋាភិបាល៕