(ស៊ីដនី)៖ រដ្ឋាភិបាលអូស្រ្តាលី នៅថ្ងៃព្រហស្បតិ៍បាននិយាយថាខ្លួននឹងធ្វើបទបង្ហាញពីសេចក្ដីព្រាងច្បាប់មួយទៅកាន់សភាជាតិ ដើម្បីលុបចោលការជួលដីឱ្យរុស្ស៉ី សាងសង់ស្ថានទូតថ្មីមួយ ក្នុងរដ្ឋធានីកង់បេរ៉ា ក្រោមហេតុផលសន្តិសុខជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានគូសបញ្ជាក់ដូច្នេះថា «រដ្ឋាភិបាលទទួលបានការប្រឹក្សាយោបល់យ៉ាងច្បាស់លាស់ ពីសន្តិសុខជាតិ ដោយសារតែហានិភ័យដែលស្ថានទូតថ្មីរបស់រុស្ស៉ីមានទីតាំងស្ថិតនៅក្បែរអគារសភាជាតិ...ដូច្នេះការសម្រេចចិត្តនៅថ្ងៃនេះគឺធ្វើឡើងដើម្បីប្រយោជន៍ សន្តិសុខជាតិរបស់អូស្រ្តាលី»។ លោក Albanese បន្តទៀតថារដ្ឋាភិបាលរបស់លោកបានធ្វើសកម្មភាពភ្លាមៗ ក្នុងគោលដៅធានាឱ្យបានថាទីតាំងត្រូវបានជួលនឹងមិន ក្លាយជាវត្តមានទូតផ្លូវការណាមួយនោះទេ។
គួរបញ្ជាក់ថា បើតាមរដ្ឋាភិបាលអូស្ត្រាលី ការលុបចោលការជួលដីសម្រាប់សាងសង់ស្ថានទូតថ្មី នឹងមិនបង្កផលប៉ះពាល់ដល់ស្ថានទូតរុស្ស៉ីដែលមានស្រាប់នៅក្នុង ទីក្រុងកង់បេរ៉ានោះទេ ខណៈសេចក្ដីព្រាងច្បាប់របស់រដ្ឋាភិបាលអូស្ត្រាលី ត្រូវបានគេរំពឹងថានឹងទទួលបានការអនុម័តសភាជាតិទាំង២។ អូស្ត្រាលី ជាប្រទេសមួយក្នុង ចំណោមប្រទេសដែលកំពុងគាំទ្រអ៊ុយក្រែន ដោយគិតចាប់តាំងពីសង្រ្គាមផ្ទុះឡើងមក ទីក្រុងកង់បេរ៉ា បានផ្ដល់ជំនួយរាប់លានដុល្លារដល់អ៊ុយក្រែន ហើយបាន ដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូ៕