(វ៉ាស៊ីនតោន)៖ ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ នៅថ្ងៃពុធសប្ដាហ៍នេះបានឱ្យដឹងថាអតីតប្រធានាធិបតីអាមេរិករូបនេះរៃអង្គាសប្រាក់ បាន ៧លានដុល្លារ ចាប់តាំងពីរូបលោកត្រូវបានចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ កាលពីសប្ដាហ៍មុនមក ខណៈលោក ត្រាំ អះអាងថាការចោទប្រកាន់ប្រឆាំងនឹង រូបលោកគឺជាការធ្វើទុក្ខបុកម្នេញនយោបាយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣។

នៅក្នុងសារមួយឆ្លើយតបទៅកាន់អ្នកគាំទ្រ និងនិយាយដៀមដាមដល់ការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេសអាមេរិក ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «លោកអតីតប្រធានាធិបតី ត្រាំ រៃអង្គាសបា្រក់បាន ៦.៦លានដុល្លារ ចាប់តាំងពីលោក Jack Smith (រដ្ឋអាជ្ញាពិសេសអាមេរិក) ប្រកាសពីការស៊ើបអង្កេតមានចរិតនយោបាយ»។ បើតាមក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ ប្រាក់ដែលរៃអង្គាសបានទាំងនេះមាន ៤.៥លានដុល្លារ ពីការរៃអង្គាសតាមប្រព័ន្ធអនឡាញ ខណៈ ២.១លានដុល្លារ បានមកពីម្ចាស់ជំនួយ។ ប៉ុន្តែ ក្រោយមក អ្នកនាំពាក្យម្នាក់របស់លោក ត្រាំ បានបញ្ជាក់ថាប្រាក់ដែល រៃអង្គាសបានគឺមាន ៧លានដុល្លារ។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន លោក ត្រាំ ត្រូវបានចោទប្រកាន់ពីបទរក្សាទុកឯកសារសម្ងាត់ជាតិដោយខុសច្បាប់ នៅក្រោយចាកចេញពីសេតវិមាន ព្រមទាំងបង្កឧបសគ្គដល់ការស្វែងរកយុត្តិធម៌។ លោក ត្រាំ កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ បានបង្ហាញខ្លួននៅក្នុងសវនាការដើម្បីប្រឈមមុខនឹងការចោទប្រកាន់ ចំនួន ៣៧បទចោទ ប៉ុន្តែអតីតប្រធានាធិបតីរូបនេះបានច្រានចោទរាល់ការចោទប្រកាន់ ហើយថាលោកមិនបានប្រព្រឹត្តិទោសកំហុសអ្វីទាំងអស់៕