(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានប្រាប់សមភាគីប៉ាឡេស្ទីនរបស់លោកថាចិនមានឆន្ទៈក្នុងការដើរតួនាទីប្រកបដោយភាពវិជ្ជមាន ដើម្បីជួយដល់ ប៉ាឡេស្ទីនផ្សះផ្សារផ្ទៃក្នុង និងលើកកម្ពស់កិច្ចចរចាសន្តិភាពជាមួយអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣។
លោក ស៊ី ជិនពីង ធ្វើការកត់សម្គាល់ខាងលើនៅក្នុងជំនួបជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាសមូត អាប់បាស់ (Mahmud Abbas) ដែលបំពេញទស្សនកិច្ច ទៅកាន់ទីក្រុងប៉េកាំង កាលពីថ្ងៃពុធសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោក ស៊ី ជិនពីង បានគូសបញ្ជាក់បន្ថែមដូច្នេះថា «ដំណោះស្រាយជាមូលដ្ឋានសម្រាប់បញ្ហា ប៉ាឡេស្ទីន នោះគឺមានជាប់ពាក់ព័ន្ធនឹងការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ ដោយផ្អែកលើព្រំដែនឆ្នាំ១៩៦៧ និងមានទីក្រុងហ្ស៊េរុយសាឡិមខាងកើត ជារដ្ឋធានី របស់ខ្លួន»។ លោក ស៊ី ជិនពីង ក៏បានសង្កត់ធ្ងន់ដែរថាចិនគាំទ្រយ៉ាងពេញទំហឹង ចំពោះបុព្វហេតុរបស់ប្រជាជនប៉ាឡេស្ទីន ដើម្បីទទួលបានមកវិញនូវ សិទ្ធិស្របច្បាប់របស់ខ្លួន។
គួរបញ្ជាក់ថា ប៉ាឡេស្ទីន មានបំណងបង្កើតរដ្ឋ ក្នុងតំបន់ វែស ប៊ែង (West Bank), ហ្កាហ្សា (Gaza) និងទីក្រុងហ្ស៊េរុយសាឡិមខាងកើត (East Jerusalem) ដែលទឹកដីទាំងនេះធ្លាប់ត្រូវបានកាន់កាប់ដោយអ៉ីស្រាអែល ក្នុងសង្រ្គាមនៅឆ្នាំ១៩៦៧។ អ៉ីស្រាអែល បានដកកងទ័ពចេញពីតំបន់ហ្កាហ្សា ក្នុងឆ្នាំ២០០៥ ប៉ុន្តែ បច្ចុប្បន្នអ៉ីសា្រអែល នៅតែបន្តធ្វើអាណានិគមក្នុងតំបន់ West Bank និងចាត់ទុកហ្ស៊េរុយសាឡិមជារដ្ឋធានីរបស់ខ្លួន។ កិច្ចចរចាសន្តិភាពរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន ក្រោមការសម្របសម្រួលដោយសហរដ្ឋអាមេរិក បានដួលរលំកាលពីឆ្នាំ២០១៤ ហើយសព្វថ្ងៃក៏មិនមានពន្លឺសម្រាប់ការដំណើរការកិច្ចចរចានេះ ឡើងវិញនោះដែរ៕