(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក តាយយ៉ីប អឺដូហ្កាន់ នៅថ្ងៃពុធសប្ដាហ៍នេះ បានប្រាប់ស៊ុយអែតថាកុំរំពឹងទទួលបានការយល់ព្រមពីទីក្រុងអង់ការ៉ា ចំពោះសមាជិកភាព NATO នៅឯកិច្ចប្រជុំកំពូលនៃបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះនៅខែកក្កដាខាងមុខ រហូតទាល់តែអាចបញ្ឈប់បាតុកម្មប្រឆាំង តួកគី ក្នុងទីក្រុងស្ដុកខុល ជាមុនសិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣។

ការអត្ថាធិប្បាយខាងលើរបស់លោក អឺដូហ្កាន់ កើតមានឡើងចំពេលក្រុមមន្ត្រីតួកគី ស៊ុយអែត ហ្វាំងឡង់ និង NATO បានជួបគ្នាកាលពីថ្ងៃពុធ នៅឯទីក្រុង អង់ការ៉ា ដើម្បីព្យាយាមដោះស្រាយការជំទាស់របស់តួកគី លើសមាជិកភាពរបស់ស៊ុយអែត នៅក្នុងបក្សសម្ព័ន្ធយោធា NATO។ ខាងស៊ុយអែត បានអះអាងថា កិច្ចពិភាក្សាជាមួយមន្ត្រីតួកគី មានភាពវិជ្ជមាន ខណៈកិច្ចពិភាក្សានឹងត្រូវបន្តធ្វើឡើងថែមទៀត តែមិនទាន់មានការបញ្ជាក់ពីកាលបរិច្ឆេទនៅឡើយទេ។

គួរបញ្ជាក់ថា កាលពីខែមីនាកន្លងទៅ តួកគី បានយល់ព្រមផ្ដល់សច្ចាប័នលើសមាជិកភាព NATO របស់ហ្វាំងឡង់ ប៉ុន្តែនៅតែបន្តជំទាស់ទៅនឹងការអនុញ្ញាតឱ្យ ស៊ុយអែតចូល NATO។ ការជំទាស់នេះត្រូវបានតួកគីអះអាងថាដោយសារតែស៊ុយអែត បានផ្ដល់កន្លែងជ្រកកោនដល់មនុស្សមួយចំនួនដែលរដ្ឋាភិបាលលោក អឺដូហ្កាន់ ចាត់ទុកថាជាភេរវករ ហើយក្រៅតែពីតួកគី ហុងគ្រី ក៏បានជំទាស់នឹងសមាជិកភាព NATO របស់ស៊ុយអែតផងដែរ៕