(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងជំរុញឱ្យមានការទំនាក់ទំនងបើកចំហរ ដើម្បី «គ្រប់គ្រងភាពតានតឹង» ប្រកបដោយការទទួលខុសត្រូវជាមួយប្រទេសចិន នៅពេលដែលោកធ្វើទស្សនកិច្ចដ៏កម្រមួយ ទៅកាន់ទីក្រុងប៉េកាំងនាចុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ​ ទី១៤ ខែមិថុនា ឆ្នាំ២០២៣។

ក្រសួងការបរទេសបានបញ្ជាក់ថា លោក Blinken នឹងធ្វើដំណើរនៅចុងសប្តាហ៍នេះ ទៅកាន់ទីក្រុងប៉េកាំងក្នុងដំណើរលើកដំបូងរបស់អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេលជិត៥ឆ្នាំ បន្ទាប់ពីគម្រោងទស្សនកិច្ចបែបនេះដែលគ្រោងធ្វើឡើងក្នុងខែកុម្ភៈកន្លងទៅ ត្រូវបានលុបចោល ជុំវិញឧប្បត្តិហេតុ​ប៉ាឡូនរបស់ចិននៅលើទឹកដីអាមរិក។

នៅមុនពេលធ្វើដំណើរ លោក Blinken បាននិយាយជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang តាមទូរសព្ទ ហើយបានសង្កត់ធ្ងន់ថា បណ្តាញទំនាក់ទំនងបើកចំហមានសារៈសំខាន់ ក្នុងការគ្រប់គ្រងទំនួលខុសត្រូវ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ទំនាក់ទំនង​រវាង​ចិន ​និង​អាមេរិក​បានស្គាល់ភាពតានតឹងកាន់តែខ្លាំង​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ជុំវិញ​បញ្ហាជាច្រើន​ដូចជាបញ្ហាកោះ​តៃវ៉ាន់ ពាណិជ្ជកម្ម សិទ្ធិមនុស្ស និង​បញ្ហា​ជាច្រើន​ទៀត។

លោក Daniel Kritenbrink មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសប្រចាំតំបន់អាស៊ីបូព៌ា បាននិយាយថា សហរដ្ឋអាមេរិក «មានភាពប្រាកដនិយម» អំពីអ្វីដែល លោក Blinken អាចសម្រេចបាន។

លោកបានប្រាប់ក្រុមអ្នកយកព័ត៌មានយ៉ាងដូច្នេះថា «យើងនឹងមិនទៅទីក្រុងប៉េកាំងដោយមានចេតនាធ្វើឱ្យមានការទម្លាយ ឬការផ្លាស់ប្តូរមួយចំនួននោះទេ....ផ្ទុយទៅវិញ លោក Blinken នឹងមកជាមួយ «បំណងប្រាថ្នាដោយស្មោះដើម្បីគ្រប់គ្រងការប្រកួតប្រជែងរបស់យើង តាមរបៀបដែលមានទំនួលខុសត្រូវបំផុតដែលអាចធ្វើទៅបាន»។

លោកបានសង្កត់ធ្ងន់ថា សហរដ្ឋ​អាមេរិក​សង្ឃឹម​ថា​ការ​ធ្វើ​ដំណើរ​នេះ​ យ៉ាង​តិច​បំផុត​នឹង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​គណនា​ខុស ដូច្នេះ​នឹង​មិន​មាន​ជម្លោះ​​កើត​មានឡើយ។

គួរបញ្ជាក់ថា ប្រទេសចិនបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានបង្កបញ្ហានៅជុំវិញបញ្ហាកោះតៃវ៉ាន់ តាមរយៈការលក់អាវុធ និងដំណើរទស្សនកិច្ចដោយសមាជិកសភាជាន់ខ្ពស់នៅទីនោះ។ ការចោទប្រកាន់នេះ ត្រូវបានច្រានចោលដោយទីក្រុងវ៉ាស៊ីនតោន ដោយលើកឡើងថា ខ្លួនគ្រាន់តែព្យាយាមរក្សាស្ថានភាពបច្ចុប្បន្នដោយការជួយទីក្រុងតៃប៉ិការពារខ្លួនប៉ុណ្ណោះ៕