(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសរបស់លោកកំពុងសាងទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយប៉ាឡេស្ទីន មុនកិច្ចពិភាក្សាជាមួយមេដឹកនាំ Mahmoud Abbas នៅទីក្រុងប៉េកាំង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣។
ទីក្រុងប៉េកាំងបាននិយាយថា លោក Abbas នឹងបំពេញទស្សនកិច្ចនៅរដ្ឋធានីរបស់ប្រទេសចិន រហូតដល់ថ្ងៃសុក្រ ដែលជាដំណើរទស្សនកិច្ចផ្លូវការលើកទីប្រាំរបស់លោកទៅកាន់ប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោកមួយនេះ។
លោក ស៊ី បននិយាយក្នុងអំឡុងពិធីស្វាគមន៍នៅមហាសាលប្រជាជនថា «ប្រឈមមុខនឹងការផ្លាស់ប្តូរពិភពលោកមួយសតវត្ស និងការវិវត្តន៍ថ្មីនៃស្ថានភាពនៅមជ្ឈិមបូព៌ា ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការជាមួយភាគីប៉ាឡេស្ទីន»។
លោក ស៊ី បានបន្ថែមថា «ថ្ងៃនេះ យើងនឹងប្រកាសរួមគ្នាអំពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រចិន-ប៉ាឡេស្ទីន ដែលនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងទ្វេភាគី»។
លោក Abbas បានមកដល់ទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទសប្តាហ៍នេះ ដើម្បីពិភាក្សាជាមួយមេដឹកនាំជាន់ខ្ពស់របស់ចិន រួមទាំងប្រធានាធិបតី ស៊ី និងនាយករដ្ឋមន្ត្រី Li Qiang ផងដែរ។ ភាគីទាំងពីរគ្រោងនឹងប្រើប្រាស់ឱកាសនេះ ដើម្បីពិភាក្សាអំពីវិធីពង្រឹងទំនាក់ទំនង និងដោះស្រាយបញ្ហាប្រឈមរយៈពេលវែង ចំពោះទំនាក់ទំនងប៉ាឡេស្ទីន-អ៊ីស្រាអែល។
ទីក្រុងប៉េកាំងបានស្វែងរកការពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសមជ្ឈិមបូព៌ា ដើម្បីប្រកួតប្រជែងឥទ្ធិពលរបស់សហរដ្ឋអាមេរិក ដែលជាកិច្ចខិតខំប្រឹងប្រែង ដែលធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនមិនសប្បាយចិត្ត។
កាលពីខែធ្នូឆ្នាំមុន លោកប្រធានាធិបតី ស៊ី បានទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត ក្នុងអំឡុងពេលនោះលោកក៏បានជួបជាមួយលោក Abbas ហើយបានសន្យាថានឹង «ធ្វើការដើម្បីស្វែងរកដំណោះស្រាយជាជំហានដំបូង ត្រឹមត្រូវ និងយូរអង្វែងចំពោះបញ្ហាប៉ាឡេស្ទីន»។
ចាប់តាំងពីពេលនោះមក ទីក្រុងប៉េកាំងបានដាក់ខ្លួនជាអ្នកសម្រុះសម្រួលនៅមជ្ឈិមបូព៌ា ដោយជួយស្តារទំនាក់ទំនងក្នុងខែមីនារវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ដែលជាគូប្រជែងនៅក្នុងតំបន់ដែលសហរដ្ឋអាមេរិក ជាឈ្មួញកណ្តាលអំណាចដ៏សំខាន់អស់ជាច្រើនទសវត្សរ៍មកហើយ។
ប៉ុន្តែការស្វែងរកដំណោះស្រាយយូរអង្វែងចំពោះភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន អាចជារឿងពិបាកជាង ខណៈដែលការចរចាសន្តិភាពរវាងភាគីទាំងពីរបានជាប់គាំងតាំងពីឆ្នាំ ២០១៤។
នៅក្នុងខែមេសា រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang បានប្រាប់សមភាគីអ៊ីស្រាអែល និងប៉ាឡេស្ទីនថា ប្រទេសចិនមានឆន្ទៈក្នុងការជួយក្នុងកិច្ចចរចាសន្តិភាព៕