(អាទែន)៖ អាជ្ញាធរក្រិកបានឱ្យដឹងនៅថ្ងៃពុធនេះ មនុស្សយ៉ាងហោចណាស់ ៥៩នាក់បានស្លាប់ ហើយមនុស្សរាប់សិបនាក់ត្រូវបានគេភ័យខ្លាចថា បាត់ខ្លួននៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសក្រិក បន្ទាប់ពីទូកនេសាទដែលដឹកជនចំណាកស្រុកមួយបានក្រឡាប់លិចនៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ​ ទី១៤ ខែមិថុនា ឆ្នាំ២០២៣។

ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះដ៏ធំមួយបានចាប់ផ្តើមនៅក្នុងតំបន់។ អាជ្ញាធរបានគូសបញ្ជាក់ថា មកទល់ពេលនេះមនុស្សចំនួន ១០៤នាក់ត្រូវបានជួយសង្គ្រោះបន្ទាប់ពីឧបទ្ទវហេតុពេញមួយយប់ ស្ថិតចម្ងាយ ៧៥គីឡូម៉ែត្រភាគនិរតីនៃតំបន់ Peloponnese ប្រទេសក្រិក។

អ្នករស់រានមានជីវិតចំនួន ៤នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយមានរោគសញ្ញានៃការថយចុះកម្តៅយ៉ាងខ្លាំង។ ឆ្មាំឆ្នេរសមុទ្រក្រិកបាននិយាយថា វាមិនច្បាស់ថាតើ មានអ្នកដំណើរចំនួនប៉ុន្មាននាក់បានបាត់ខ្លួនទេ បន្ទាប់ពីសាកសពចំនួន ៥៩នាក់ត្រូវបានរកឃើញ។

នាវាឆ្មាំឆ្នេរសមុទ្រចំនួន៦គ្រឿង នាវាចម្បាំងកងទ័ពជើងទឹកមួយគ្រឿង យន្តហោះដឹកជញ្ជូនយោធាមួយគ្រឿង ឧទ្ធម្ភាគចក្រកងទ័ពអាកាសមួយគ្រឿង នាវាឯកជនជាច្រើនគ្រឿង និងយន្តហោះគ្មានមនុស្សបើកមកពីទីភ្នាក់ងារការពារព្រំដែនសហភាពអឺរ៉ុប (Frontex) បានចូលរួមក្នុងបេសសកកម្មស្វែងរក និងសង្គ្រោះដែលកំពុងបន្ត។

វាត្រូវបានគេជឿថា ទូកដែលធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីតាលីនេះ បានចេញដំណើរពីតំបន់ Tobruk នៅភាគខាងកើតប្រទេសលីប៊ី។ ឆ្មាំឆ្នេរសមុទ្រអ៊ីតាលីបានជូនដំណឹងជាលើកដំបូង ដល់អាជ្ញាធរក្រិក និង Frontex អំពីការជិតមកដល់នៃទូកនេះកាលពីថ្ងៃអង្គារ៕