(ប្រាក)៖ រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ លោក ចូសេព វូ (Joseph Wu) នៅថ្ងៃពុធនេះ បាននិយាយថា តៃវ៉ាន់ចង់ធានាឱ្យបាននូវសន្តិភាព និងស្ថិរភាពតាមរយៈការរក្សាស្ថានភាពដើម នៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ប៉ុន្តែដើម្បីសម្រេចគោលដៅនេះបាន គឺខ្លួនត្រូវការ​ការគាំទ្រពីបណ្តាប្រទេសនៅទ្វីបអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣។

កំលុងការថ្លែងសុន្ទរកថាមួយ ក្នុងសន្និសីទសន្តិសុខនៅទីក្រុងប្រាកនៃសាធារណរដ្ឋឆែក លោក វូ បានលើកឡើងយ៉ាងដូច្នេះថា «ដើម្បីឱ្យ​តៃវ៉ាន់នៅតែមានភាពអត់ធន់រឹងមាំ និងមានកម្លាំងចិត្តក្នុងការបន្តគោលនយោបាយរក្សាឱ្យបាន នូវស្ថានភាពដើមនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ គឺយើងត្រូវការការគាំទ្រពីបណ្តាមិត្តអឺរ៉ុប»។ បើតាមលោក វូ តៃវ៉ាន់កំពុងបន្តសិក្សាលើមេរៀន ពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន ដើម្បីពង្រឹងការត្រៀមខ្លួនសម្រាប់ចិន។

លោករដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ បានបន្តទៀតថា «សម្រាប់អ្នកតាមដានជាច្រើននៅជុំវិញពិភពលោក ការវាយប្រហាររបស់ចិនមកលើ​តៃវ៉ាន់ ប្រហែលជារឿងដែលមិនអាចកើតឡើងក្នុងពេលឆាប់ៗ ឬមិនមែនជារឿងដែលពុំអាចចៀសផុតនោះឡើយ ប៉ុន្តែតៃវ៉ាន់និងបណ្តាដៃគូរបស់ខ្លួនកំពុងតែ​ព្យាយាមទប់ស្កាត់កុំឱ្យវាអាចកើតឡើងទៅបាន។ យ៉ាងណាក្តី ចិនកំពុងប្រើប្រាស់តម្រាសឹករបស់ស៊ុនអ៊ូ ដោយព្យាយាមបំបាក់សត្រូវ ដោយ​មិនចាំបាច់ធ្វើសង្រ្គាម។ មកទល់ពេលនេះ ចិនបានបន្ត​ដំឡើងសាច់ដុំរបស់ខ្លួន ដើម្បីដាក់សម្ពាធលើតៃវ៉ាន់ រួមមានទាំងការបញ្ជូនយន្តហោះនិងនាវាចម្បាំង ឱ្យឆ្លងកាត់ខ្សែបន្ទាត់មេដ្យាននៃ​ច្រកសមុទ្រតៃវ៉ាន់យ៉ាងញឹកញាប់»

គួរបញ្ជាក់ថា តៃវ៉ាន់មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយប្រទេសអឺរ៉ុបមួយ​ណានោះទេ លើកលែងតែបុរីវ៉ាទីកង់របស់សម្តេចប៉ាប។ យ៉ាងណាមិញ តៃវ៉ាន់បានរក្សាទំនាក់ទំនងមិនផ្លូវការ ដែលទូលំទូលាយមួយជាមួយអឺរ៉ុប ហើយ​ក្រុមប្រទេសអឺរ៉ុបកណ្តាលនិងខាងកើត ក៏បានបង្ហាញភាពខ្នះខ្នែងខ្លាំងឡើង ដើម្បីសម្តែងការគាំទ្រចំពោះតៃវ៉ាន់ផងដែរ ជាពិសេសក្រោយផ្ទុះសង្រ្គាមឈ្លានពានរបស់រុស្ស៉ី លើអ៊ុយក្រែន។ ដែនកោះនេះត្រូវប្រទេសចិន ចាត់ទុកទឹកដីមិនអាចកាត់ផ្តាច់បានរបស់ខ្លួន៕