(ម៉ានីល)៖ នាវាយោធាចិនមួយគ្រឿងសម្រាប់បណ្តុះបណ្តាលក្រុមនាវិក បានចូលចតនៅកំពង់ផែនៃប្រទេសហ្វីលីពីន នាថ្ងៃពុធនេះ សម្រាប់ការបំពេញទស្សនកិច្ចកម្រមួយ ស្របពេលដែលប្រទេសទាំងពីរមានបញ្ហាវិវាទនឹងគ្នា ពាក់ព័ន្ធតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣។

ទីក្រុងម៉ានីល គឺជាគោលដៅចុងក្រោយគេបង្អស់ នៃដំណើរទស្សនកិច្ចរបស់​នាវាយោធាចិន ឈី ជីហ្គ័ង (Qi Jiguang) មកកាន់តំបន់អាស៉ីអាគ្នេយ៍។ មុនមកដល់ហ្វីលីពីន នាវា ឈី ជីហ្គ័ង បានបំពេញទស្សនកិច្ចនៅវៀតណាម ថៃ និងព្រុយណេ។ ឯកអគ្គរដ្ឋទូតចិន​ប្រចាំហ្វីលីពីនលោក ហ័ង ស៉ីលាន (Huang Xilian) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា វត្តមានរបស់នាវា ឈី ជីហ្គ័រ នៅទីក្រុងម៉ានីល គឺជាការបំពេញទស្សនកិច្ចសុច្ឆន្ទៈមួយ។

នាវា ឈី ជីហ្គ័ង គឺជានាវាដំបូងបង្អស់របស់កងទ័ពជើងទឹកចិន ដែលមកបំពេញទស្សនកិច្ចនៅហ្វីលីពីន គិតចាប់តាំងពីលោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ (Ferdinand Marcos Jr) បានក្លាយជាប្រធានាធិបតីនៃប្រទេសអាស៊ានមួយនេះ កាលពីឆ្នាំមុន។ លោក ម៉ាកូស ធ្លាប់បាន​ប្តេជ្ញាថា ទីក្រុងម៉ានីលនឹងមិនបោះចោលទឹកដីដាច់ខាតសូម្បីតែមួយចំអាម ខណៈភាពតានតឹងបានកើនឡើងគួរឱ្យកត់សម្គាល់ជាមួយទីក្រុងប៉េកាំង ជុំវិញបញ្ហាវិវាទនៅសមុទ្រចិនខាងត្បូង។

គោលជំហររបស់លោក ម៉ាកូស គឺផ្ទុយពីជំហររបស់អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលបានព្យាយាមងាកទៅរកចិន ដើម្បីស្វែងរកកិច្ចព្រមព្រៀងហេដ្ឋារចនាសម្ព័ន្ធ ហើយនិងការវិនិយោគដទៃទៀត។ អតីតរដ្ឋបាលលោក ឌូតឺតេ បានមើលឃើញហ្វីលីពីន ស្វាគមន៍ការបំពេញទស្សនកិច្ចរបស់នាវាចម្បាំងចិនសរុបជាច្រើនគ្រឿង អំលុងអាណត្តិជាប្រធានាធិបតីរបស់លោក ចាប់ពីឆ្នាំ២០១៦-២០២២។ លោក ឌូតឺតេ ធ្លាប់ឈានជើងជាន់លើនាវាយោធាចិនចំនួន៣គ្រឿង ក្នុងនោះមានទាំងនាវាប្រភេទ destroyer ១គ្រឿង និងប្រភេទ frigate ១គ្រឿង ដែលបានចូលចតនៅស្រុកកំណើតរបស់លោក គឺទីក្រុងដាវ៉ាវ (Davao) កាលពីឆ្នាំ២០១៧។ ចំណែកនៅឆ្នាំ២០១៩ នាវាយោធាចិន៣គ្រឿងទៀត ក៏បានមកបំពេញទស្សនកិច្ចនៅហ្វីលីពីនផងដែរ។

គួរបញ្ជាក់ថា យោងតាមសេចក្តីប្រកាសរបស់ស្ថានទូតចិនប្រចាំហ្វីលីពីន សម្រាប់នាវាបណ្តុះបណ្តាលនាវិក ឈី ជីហ្គ័ង គឺវានឹងស្ថិតនៅទីក្រុងម៉ានីល រហូតដល់ថ្ងៃសប្តាហ៍នេះ ហើយនឹងបើកឱ្យ​សាធារណជន អាចឡើងទៅដើរទស្សនាបាន សម្រាប់រយៈពេល២ម៉ោងក្នុងមួយថ្ងៃ៕