(ខាទុំ)៖ ការបាញ់ផ្លោងដាក់គ្នាកំលុងពេលនៃការស្វែករកបទឈប់បាញ់ពីភាគីជម្លោះនៅស៊ូដង់ បានបង្ហាញពីដែនកំណត់ នៃឥទ្ធិពលរបស់សហរដ្ឋអាមេរិក អារ៉ាប៊ីសាអូឌីត ក៏ដូចជាមហាអំណាចបរទេសផ្សេងទៀត ក្នុងការបញ្ចប់ជម្លោះរយៈពេល ២ខែដែលកំពុងជំរុញឲ្យប្រទេសជាតិមួយនេះ ធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣។
បន្ទាប់ពីបទឈប់បាញ់បានបិទបញ្ចប់ត្រឹមតែរយៈពេល ២៤ម៉ោងចុងក្រោយ អ្នកស្រុកនៅទីក្រុងខាទុំ បានរាយការណ៍ពីការបាញ់កាំភ្លើងធំ និងការប៉ះទង្គិចគ្នាថ្មីភ្លាមៗ។ ទាំងខាងកងទ័ពស៊ូដង់ និងកងកម្លាំងទាហានប៉ារ៉ា (RSF) ហាក់បីដូចជានៅឆ្ងាយពីការឈានឆ្ពោះទៅ រកកិច្ចពិភាក្សាបទឈប់បាញ់នៅឡើយទេ។
មន្ត្រីអាមេរិកម្នាក់ បាននិយាយថា ការរួមចំណែកពីប្រទេសដែលជាតួអង្គដ៏សំខាន់ក្នុងតំបន់ ដូចជាអេហ្ស៉ីប ដែលមើលឃើញកងទ័ពស៊ូដង់ជាដៃគូដ៏មានស្ថិរភាពរបស់ពួកគេ និងប្រទេសអារ៉ាប់រួមដែលបានគាំទ្រកម្លាំង RSF នាពេលកន្លងមកនោះ វាអាចជាគន្លឹះនៃការរីកចម្រើនចំពោះកិច្ចចរចា។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត ដែលស្ថិតនៅកាត់សមុទ្រក្រហមពីប្រទេសស៊ូដង់ បានគាំទ្រដល់កិច្ចពិភាក្សាគ្នានៅក្នុងទីក្រុងកំពង់ផែជេដដា របស់ប្រទេសអារ៉ាប៊ីសាអូឌីត។ ប៉ុន្តែរាល់បទឈប់បាញ់បណ្តោះអាសន្ន ត្រូវបានរំលោភបំពានរហូតមកដល់ពេលនេះ ទោះបីជាភាគីទាំងពីរនិយាយថាពួកគេប្តេជ្ញាចិត្តក្នុងការចរចា និងបើទោះបីជាមានទណ្ឌកម្មរបស់សហរដ្ឋអាមេរិកក៏ដោយ។ អ្នកការទូតបានស្តីបន្ទោសលើមហាអំណាចក្នុងតំបន់ ដែលនៅពីក្រោយចាំគាំទ្រដល់ភាគីជម្លោះនីមួយៗ៕