(ប៉េកាំង)៖ «ទំនាក់ទំនងរវាងប្រទេសចិននិងហុងឌូរ៉ាសនឹងឈានចូលដំណាក់កាលប្រវត្តិសាស្ត្រថ្មី !» នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៣ តាមម៉ោងក្រុងប៉េកាំង បណ្តាញអ៊ីនធឺណែតនិងប្រព័ន្ធសារព័ត៌មានធំៗរបស់ប្រទេសហុងឌូរ៉ាបាននាំគ្នាចេញផ្សាយឃ្លានេះ ។ ប្រព័ន្ធសារព័ត៌មានរបស់ហុងឌូរ៉ាស់ក៏បានលើកឡើងជាពិសេសថា ការដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"នឹងនាំមកនូវ"ឱកាសអភិវឌ្ឍន៍សម្រាប់ប្រទេសខ្លួនដើម្បីតភ្ជាប់ជាមួយទីផ្សារកាន់តែទូលំទូលាយ" ។
បញ្ជាក់ថា ហុងឌូរ៉ាសគឺជាប្រទេសដ៏សំខាន់មួយនៅទ្វីបអាមេរិកកណ្តាល ហើយក៏ជា"មិត្តថ្មី"របស់ប្រទេសចិនផងដែរ ។ កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៣ នេះ ប្រទេសចិននិងហុងឌូរ៉ាសបានបង្កើត ទំនាក់ទំនងផ្លូវទូតដោយឈរលើគោលការណ៍ចិនតែមួយ ហើយហុងឌូរ៉ាសបានក្លាយជាប្រទេសទី ១៨២ ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន ។ កាលពីថ្ងៃទី ១២ ខែមិថុនានេះ ខណៈពេលដែលលោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោកស្រី Iris Xiomara Castro Sarmiento ប្រធានាធិបតីហុងឌូរ៉ាសដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន លោកបាន"វាយតម្លៃខ្ពស់"ចំពោះលោស្រី ដែលបានធ្វើការសម្រេចចិត្តជាប្រវត្តិសាស្ត្រ និងបង្ហាញពីឆន្ទៈនយោបាយដ៏រឹងមាំ ។ ឥស្សរជនអង្កេតការណ៍បានលើកឡើងថា ការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងហុងឌូរ៉ាស ព្រមនិងកិច្ចជំនួបរវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរគឺ" មានសារៈសំខាន់ជាប្រវត្តិសាស្ត្រ" ដែលនឹងនាំមកនូវអនាគតដ៏ភ្លឺស្វាងដល់ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។
ប្រការដែលគួរឱ្យលើកឡើងនោះ គឺ ប្រទេសចិននិងហុងឌូរ៉ាសបានបង្កើត ទំនាក់ទំនងការទូតដោយឈរលើគោលការណ៍ចិនតែមួយ ហើយនេះក៏ជាបុរេលក្ខខណ្ឌនិងជាមូលដ្ឋាននយោបាយ សម្រាប់អភិវឌ្ឍទំនាក់ទំនងរវាងភាគីទាំងពីរផងដែរ ។ ក្នុងកិច្ចជំនួបជាមួយលោកស្រី Iris Xiomara Castro Sarmiento លើកនេះ លោកប្រធានរដ្ឋចិន Xi Jinping បានគូសបញ្ជាក់ម្តងទៀតពីគោលការណ៍ចិនតែមួយ ។ ដោយឡែកលោកស្រីប្រធានាធិបតី Iris Xiomara Castro Sarmiento បានសន្យាថា ភាគីហុងឌូរ៉ាសគាំទ្រយ៉ាងមុតមាំ ព្រមនិងគោរពគោលការណ៍ចិនតែមួយ ក៏ដូចជាគាំទ្រយ៉ាងមុតមាំចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមប្រទេសជាតិទាំងស្រុង ។ ប្រការនេះជាការបញ្ជាក់ជាថ្មីម្តងទៀតថា គោលការណ៍ចិនតែមួយ ដែលត្រូវបានបញ្ជាក់ក្នុងសេចក្ដីសម្រេចលេខ ២៧៥៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិកាលពីឆ្នាំ ១៩៧១ បានក្លាយជាគំនិតឯកភាពរួមជាទូទៅនៃសហគមន៍អន្តរជាតិ ។
យោងតាមទិន្នន័យស្ថិតិនៃអគ្គនាយកដ្ឋានគយចិនបានបង្ហាញឱ្យឃើញថា ៤ ខែដើមឆ្នាំ ២០២៣ ហុងឌូរ៉ាសបានក្លាយជា ប្រទេសជាប្រភពនាំចេញទៅកាន់ប្រទេសចិនដែលមានកំណើនស្ថិតនៅលេខរៀង ៣ ខាងមុខពោលគឺ បានកើនឡើង ២០៦ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ។ ជាពិសេសគឺ បន្ទាប់ពីបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងយ៉ាងឆាប់រហ័ស ។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅប្រទេសចិន របស់លោកស្រីប្រធានាធិបតី Iris Xiomara Castro Sarmiento ភាគីហុងឌូរ៉ាសបានដាក់ពាក្យស្នើសុំជាផ្លូវការ ដើម្បីចូលរួមធនាគារអភិវឌ្ឍន៍ថ្មី ភាគីទាំងពីរបានឯកភាពគ្នាថា នឹងចាប់ដំណើរការការចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្រៅពីនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នាស្តីពីការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"ជាដើម ក៏ដូចជាបានចេញផ្សាយសេចក្តីថ្លែងការណ៍រួម ដើម្បីប្រមូលផ្តុំគំនិតឯកភាពរួម។ល។
ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសចិន លោកស្រីប្រធានាធិបតី Iris Xiomara Castro Sarmiento បានវាយតម្លៃខ្ពស់ចំពោះទស្សនៈស្តីពី សហគមន៍រួមវាសនានៃមនុស្សជាតិ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមអរិយធម៌សកលនិងគំនិតផ្តួចផ្តើម សន្តិសុខសកលដែលលើកឡើងដោយប្រទេសចិន ហើយបានបង្ហាញពីឆន្ទៈចូលរួមយ៉ាងសកម្ម ។ ប្រទេសចិននិងហុងឌូរ៉ាសសុទ្ធតែជាប្រទេសកំពុងអភិវឌ្ឍន៍ ការដែលភាគីទាំងពីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ និងគាំទ្រពហុភាគីនិយមយ៉ាងពិតប្រាកដមិនត្រឹមតែ នឹងជំរុញកិច្ចសហប្រតិបត្តិការរវាងចិននិងអាមេរិកឡាទីនប៉ុណ្ណោះទេ ថែមទាំងក៏នឹងគាំពារឱ្យបានកាន់តែល្អនូវ ផលប្រយោជន៍រួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជាសមភាពនិងយុត្តិធម៌អន្តរជាតិផងដែរ ។
សំដៅចំពោះកិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងប្រទេសចិននិងហុងឌូរ៉ាស គ្រប់មជ្ឈដ្ឋាននៃប្រទេសហុងឌូរ៉ាស ពោរពេញទៅដោយក្តីរំពឹងទុក ។ សមាជិកគណៈប្រតិភូហុងឌូរ៉ាស់ជាច្រើននាក់ ដែលបានបំពេញទស្សនកិច្ចនៅប្រទេសចិន នៅពេលមុននេះមិនយូរជាប៉ុន្មានបានថ្លែងថា រីករាយធ្វើជាមិត្តល្អរបស់ប្រជាជនចិនជារៀងរហូត ។ ឈរលើគោលការណ៍ចិនតែមួយ ប្រទេសចិននឹងអភិវឌ្ឍទំនាក់ទំនងដ៏មេត្រីភាព រវាងចិននិងហុងឌូរ៉ាសយ៉ាងមុតមាំមិនងាករេ គាំទ្រយ៉ាងមុតមាំនូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃហុងឌូរ៉ាស ក្នុងន័យទទួលបានសមិទ្ធផលសហប្រតិបត្តិការជាក់ស្តែង កាន់តែច្រើនដើម្បីបញ្ជាក់ថា ការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសចិននិងហុងឌូរ៉ាស អាចផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ ទាំងពេលបច្ចុប្បន្ននិងពេលអនាគតដ៏វែងឆ្ងាយ ៕
វិទ្យុមិត្តភាពកម្ពុជាចិន