(សេអ៊ូល)៖ នៅថ្ងៃពុធនេះ កូរ៉េខាងត្បូងបានដាក់ពាក្យបណ្តឹងប្រឆាំងកូរ៉េខាងជើង ដើម្បីទាមទារសំណងចំនួន៣៥លានដុល្លារ សម្រាប់​ការិយាល័យទំនាក់ទំនងអន្តរកូរ៉េ ដែលកូរ៉េខាងជើងបានបំផ្ទុះកម្ទេចចោល កាលពីឆ្នាំ២០២០ ខណៈវាគឺជាស្ថានការណ៍វិវឌ្ឍន៍ថ្មីមួយទៀត ស្តែងឱ្យឃើញពីភាពបន្តធ្លាក់ចុះដុនដាប នៃទំនាក់ទំនង រវាងប្រទេសកូរ៉េទាំងពីរ ស្របពេលដែលទីក្រុងព្យុងយ៉ាងកំពុងឆ្ពោះទៅមុខ នៅក្នុង​កម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែរនិងមីស៉ីលបាលិស្ទីគរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣។

កូរ៉េខាងត្បូងបានដាក់ពាក្យបណ្តឹងខាងលើ ទៅកាន់តុលាការនៃទីក្រុងសេអ៊ូល ហើយវាគឺជាពាក្យបណ្តឹងដំបូងបំផុត ដែលរដ្ឋាភិបាលកូរ៉េខាងត្បូង បានដាក់ប្រឆាំងនឹងកូរ៉េខាងជើង។ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង ដែលទទួលបន្ទុកកិច្ចការអន្តរកូរ៉េ បាននិយាយថា ពាក្យបណ្តឹង​ចាំបាច់ត្រូវតែដាក់ទៅកាន់តុលាការ នៅមុនថ្ងៃទី១៦ ខែមិថុនា ដើម្បីឱ្យស្របតាមច្បាប់អាជ្ញាយុកាល ដែលមានសុពលភាព៣ឆ្នាំ នៅក្រោម​ច្បាប់របស់ប្រទេសកូរ៉េខាងត្បូង។ នៅពេលក្រុមអ្នកសារព័ត៌មានសាកសួរ អំពីលទ្ធភាពដែលកូរ៉េខាងជើងអាចនឹងមកចូលរួមពាក់ព័ន្ធ ​ក្នុងនិតិវិធីច្បាប់បែបនេះ មន្រ្តីកូរ៉េខាងត្បូងម្នាក់បានត្រឹមឆ្លើយតបថា អ្វីដែលសំខាន់គឺដាក់ពាក្យបណ្តឹងឱ្យទាន់ពេល។

ការិយាល័យទំនាក់ទំនងអន្តរកូរ៉េ គឺជាអគារបេសកកម្មការទូតដំបូងបង្អស់រវាងប្រទេសទាំងពីរ ហើយវាក៏បានបម្រើជានិមិត្តរូបមួយផងដែរ នៃការផ្សះផ្សាឧបទ្វីបកូរ៉េ។ យ៉ាងណាមិញ កូរ៉េខាងជើងក៏បានសម្រេចចិត្តបំផ្ទុះកម្ទេចអគារនោះចោលវិញ បន្ទាប់ពីវាត្រូវបានរៀបចំឡើងកាលពីឆ្នាំ២០១៨ នៅលើទឹកដីរបស់ខ្លួន ក្រោមគោលដៅលើកកម្ពស់ទំនាក់ទំនង ឱ្យប្រសើរឡើង បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានព្រមាន​ចាត់វិធានការសងសឹក ចំពោះយុទ្ធនាការបង្ហោះខិតបណ្ណឃោសនាចូលកូរ៉េខាងជើង ដែលធ្វើឡើងដោយ ក្រុមសកម្មជនកូរ៉េខាងជើង នៅកូរ៉េខាងត្បូង។

កូរ៉េខាងត្បូងបានប៉ាន់ប្រមាណថា ទំហំទឹកប្រាក់ដែលបានចំណាយទៅលើ អគារទំនាក់ទំនងអន្តរកូរ៉េនោះ ដែលត្រូវបានកម្ទេចទាំងស្រុង ហើយនិងអគារកម្ពស់១៥ជាន់មួយទៀត នៅក្បែរគ្នា សម្រាប់ទុកឱ្យក្រុមមន្រ្តីកូរ៉េខាងត្បូងប្រើប្រាស់ ដែលបានរងការខូចខាតយ៉ាងដំណំ គឺ៤៤.៧ពាន់លានវុន ឬស្មើនឹង៣៥លានដុល្លារ។ ទីក្រុងសេអ៊ូលបាននិយាយថា ទង្វើរបស់កូរ៉េខាងជើង គឺជាសកម្មភាពខុសច្បាប់ដែល​បានបំផ្លាញទំនុកចិត្ត ហើយរំលោភលើសិទ្ធិអចលនទ្រព្យ របស់ប្រទេសក៏ដូចជាប្រជាជនកូរ៉េខាងត្បូង។

គួរបញ្ជាក់ថា បើនិយាយពីធាតុពិត គឺកូរ៉េខាងត្បូងនិងកូរ៉េខាងជើង នៅស្ថិតក្នុងស្ថានភាពមានសង្រ្គាមជាមួយគ្នានៅឡើយទេ ដោយសារ​ជម្លោះឆ្នាំ១៩៥០-១៩៥៣ រវាងប្រទេសទាំងពីរ បានបញ្ចប់ទៅដោយបទឈប់បាញ់ មិនមែនសន្ធិសញ្ញាសន្តិភាពឡើយ។ ប៉ុន្មានឆ្នាំមក​នេះ កូរ៉េខាងជើងបានបន្តធ្វើតេស្តសព្វាវុធជាច្រើនប្រភេទ រួមមានទាំងមីស៉ីលបាលិស្ទីគអន្តរទ្វីប (ICBM) ធំបំផុតរបស់ខ្លួន ជាហេតុនាំឱ្យ​ភាពតានតឹងកើនឡើងខ្លាំង ជាមួយកូរ៉េខាងត្បូង និងជាមួយសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តចម្បងរបស់ទីក្រុងសេអ៊ូល៕